កំពង់ចាម

សមត្ថកិច្ចនគរបាល ស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនបុរស ជាមេការជៀរជ័រកៅស៊ូម្នាក់ បន្ទាប់ពីប្រើអំពើហិង្សា លើកម្មករម្នាក់ បណ្ដាលឲ្យរងរបួស នៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ។ អភិបាលស្រុកស្ទឹងត្រង់ លោកទុន ណេត អភិបាលស្រុកស្ទឹងត្រង់ ឲ្យដឹងថា ជនសង្ស័យ ខាងលើ ឈ្មោះ ឃី ទូច ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរមេការ មើលកម្មករជៀជ័រកៅស៊ូ មានទីលំនៅៗភូមិស្ពង់សាខាថ្មី ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ដោយឃាត់ខ្លួន បទល្មើសជាក់ស្តែង ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។ 



លោកអភិបាលស្រុក បានបញ្ជាក់ដែរថា នៅវេលាម៉ោង ១៨:៣០នាទី នៃថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ ឃី ទូច  បានធ្វើសកម្មភាព កាប់ដោយកាំបិតចុងស្រួច ទៅលើ ឈ្មោះ អ៊ី អេង ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករជៀជ័រកៅស៊ូ មានទីលំនៅកន្លែងកើតហេតុ  បណ្តាលឱ្យរងរបួសត្រង់កន្លាក់ ករដៃឆ្វេង ០២កន្លែង (ដល់ឆ្អឹង) ហើយត្រូវក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។  ប្រភពដដែល បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកអធិការនគរបាល ស្រុកស្ទឹងត្រង់ បានចាត់បញ្ជា កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្ទឹងត្រង់ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ តាមបញ្ជា លោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពង់ចាម ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនិតិវិធី ៕