ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលទីតាំងមួយចំនួនបន្ថែមទៀត សម្រាប់ត្រៀមធ្វើជាមណ្ឌលចត្តាឡីស័ក និងធ្វើជាទីបច្ឆា សម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានលើកឡើងថា ៖ ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ទើបរហូតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបតែវិលត្រលប់មកពីតំបន់ប្រឈមតាមបណ្តាខេត្តនានា និងមកពីរាជធានីភ្នំពេញ ក្នុងករណីសង្ស័យណាមួយ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពរួច ជាពិសេសបងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេសដូចជា ប្រទេសថៃជាដើម ។ ប្រភពបញ្ជាក់ថា រដ្ឋបាលខេត្តក៏បានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តប៉ៃលិន(ស.ស.យ.ក.ខេត្ត) ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន៣ពេលជាប្រចាំថ្ងៃផងដែរ ។
លោកជំទាវបានបញ្ជាក់ថា ៖ ដោយឡែកទីតាំងបច្ឆាសម្រាប់បូជាសព អ្នកដែលស្លាប់ដោយ សារជម្ងឺកូវីដ-១៩ ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យមើលជាក់ស្តែង រួចរាល់អស់ហើយ និងសម្រេចជ្រើសរើសទីតាំងត្រៀមទុកសម្រាប់រៀបចំធ្វើជាកន្លែងបូជាសព ដោយគិតគូរពីសុវត្ថិភាព និងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ ។
សូមបញ្ជាក់ថា ៖ នៅក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរដ្ឋាភិបាល និងតាមការណែ នាំរបស់ក្រសួងសុខាភិបាលថែមទៀត ៕
ដោយ ៖ នីយ៉ា