នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី, នាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្តីពីផែនការសកម្មភាពសនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្រោមអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
តាមការគូសបញ្ចាក់ពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ លើកកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មានគោលដៅ •កាត់បន្ថយការឆ្លង ភាពធ្ងន់ធ្ងរនៃជំងឺ និងស្លាប់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងទប់ទល់នឹងការ គម្រាមកំហែងនៃមេរោគបំលែងខ្លួនថ្មីៗ ជាពិសេសមេរោគប្រភេទដែលតា តាមរយៈការផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ ដែលមានចំនួនប្រមាណ ២លាននាក់ និងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះដោយត្រូវចាប់ផ្តើមអនុវត្តពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង និងក្រុង-ស្រុក នៃខេត្ត២១ផ្សេងទៀត ជាតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លង ជាពិសេសក្នុងភូមិសាស្ត្រដែលបានរកឃើញមេរោគដែលតា និងក្រុង-ស្រុកមានដង់ស៊ីតេប្រជាជនច្រើន (ទីប្រជុំជនធំៗ មានប្រជាជនរស់នៅកុះករ និងមានសក្តានុពលផ្នែកសង្គម សេដ្ឋកិច្ច តំបន់រោងចក្រ សហគ្រាស និងសេវាទេសចរណ៍ជាដើម)។