នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ រដ្ឋបាល ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សា អំពីការរៀបចំគម្រោងថវិកាអភិវឌ្ឍ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត ព្រមទាំង មន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ ។



បញ្ជាក់អំពីគោលបំណង នៃកិច្ចប្រជុំ ខាងលើ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បី រៀបចំគម្រោងចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង នាឆ្នាំ២០២២ ខាងមុខ ។ ជាមួយនោះ កិច្ចប្រជុំនេះ ក៏ដើម្បី ធ្វើការពិភាក្សាលម្អិត អំពីការពិត្យលទ្ធភាព ក្នុងការគៀងគរចំណូល ដើម្បី ឈានទៅដល់ការចំណាយ សម្រាប់រដ្ឋបាលខេត្តទាំងមូល នាឆ្នាំ២០២២ ខាងមុខ ផងដែរ ។ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងដែរថា នៅក្នុងតួលេខ របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ តម្រូវឲ្យរដ្ឋបាលខេត្តកំពង់ចាម រៀបចំឲ្យបាននូវចំណូល ក្នុងរង្វង់ប្រមាណជា ៣៤.៨៤៥លានរៀល ក្នុងនោះចំណូលសារពើពន្ធមានចំនួន ២៤.៦៨៧លានរៀល ចំណូលមិនមែនសារពើពន្ធ ចំនួន ៦.២៥៨លានរៀល និងការឧបត្ថម្ភធន់ពីថវិកាជាតិ ៣.៩០០លានរៀល ។ ដូច្នេះ យើងកត់សម្គាល់ដែរថា ការឧបត្ថម្ភធន់ពីថវិកាថ្នាក់ជាតិ មានថវិកាប្រហាក់ប្រហែលឆ្នាំ២០២១ ក៏ប៉ុន្តែ ចំណូលសារពើពន្ធមានការកើនឡើង ។



បើតាមរបាយការណ៍បឋម របស់ លោក គ្រុយ ខន នាយកទីចាត់ការហិរញ្ញវត្ថុ រដ្ឋបាលសាលាខេត្ត បានគូសបញ្ជាក់ថា ប្រៀបធៀបទៅនឹងឆ្នាំ២០២១ គម្រោងថវិកា  ក្នុងផែនការថវិកាឆ្នាំ២០២២ នេះ មានកើនឡើង ដល់ទៅចំនួន ១០.៤២០លានរៀល ក្នុងនោះ ចំណូលសារពើពន្ធ កើនឡើងចំនួន ១៤.៣៦៧លានរៀល ចំណូលមិនមែនសារពើពន្ធ ទាបជាង ៤៧លានរៀល និងចំណូលពីថវិកាជាតិ ទាបជាង ៣.៩០០លានរៀល  ។ 


នៅក្នុងអង្គប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ស្ថាប័ន មន្ទីរ ពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការប្រមូលសារពើពន្ធ និងមិនមែនសារពើពន្ធបន្ថែមទៀត ដើម្បី យកទៅប្រើប្រាស់ ក្នុងកិច្ចការងារសង្គម និងកិច្ចការងាររដ្ឋបាល ក៏ព្រោះតែថវិកាក្នុងឆ្នាំ២០២២ មានការកើនឡើង ។ ក្រៅពីនោះ ស្ថាប័ន មន្ទីរ អង្គភាព ក្នុងខេត្ត ក៏ត្រូវខិតខំស្វែងរកដៃគូអភិវឌ្ឍ នៅក្នុងខេត្តកំពង់ចាម ដើម្បី បានប្រាក់ចំណូលបន្ថែម ប្រមូលជូនរដ្ឋ ផងដែរ ៕