កំពង់ចាម
ពីមួយថ្ងៃ ទៅមួយថ្ងៃ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ នៅតាមបណ្តាខេត្ត ជាប់ដងទន្លេ បានបន្តហក់ឡើងជាបន្ទបន្ទាប់ ។ ចំពោះស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម ក៏នៅតែបន្តហក់ឡើង ជារៀងរាល់ថ្ងៃ ផងដែរ ជាក់ស្តែង ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងខ្លាំងកាលពីយប់ម្សិលមិញឡើងជិត១ម៉ែត្រកន្លះ។ យោងតាមរបាយការណ៍កម្ពស់ទឹក ពីមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពស់ទឹកបានឡើង ដល់កម្ពស់ ៩.៤៨ម៉ែត្រ បើធៀបទៅនឹងថ្ងៃ២៧ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ទឹកឡើង១.៤៨ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន១៥.២០ម៉ែត្រ។ ដោយឡែក កម្ពស់ទឹកនាពេលនេះ បើធៀបទៅនឹងឆ្នាំកន្លងទៅ ទឹកទន្លេមានកម្ពស់ត្រឹម ៤.៣៣ម៉ែត្រ ប៉ុណ្ណោះ ។
ដោយឡែកបើយោងតាមការព្យាការណ៍រយះពេល៣ថ្ងៃរបស់ក្រសួងធនធានទឹកវិញ នៅថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១គឺទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមគឺនឹងបន្តឡើងបន្ថែមទៀតដល់កម្ពស់១០,២៤ម៉ែត្រ។ទន្ទឹមនិងនោះរដ្ឋបាលខេត្តកំពង់ចាមបាន អំពាវនាវឲ្យបងប្អូនប្រជានេសាទ មានការប្រុងប្រយ័ត្ន ចំពោះចាស់ជរា ហើយក្មេងតូចៗគឺអាចប្រឈមនឹងលង់ទឹកស្លាប់ ដោយឪពុកម្តាយមិនបានដឹង និងត្រូវការពារក្រុមគ្រួសារជៀសផុតពីសត្វអសិរពិសទាំងឡាយ ផងដែរ៕