ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង៨:០០ព្រឹក មណ្ឌលចាក់វ៉ាក់សាំងទាំង៥កន្លែងនៅក្នុងខេត្តប៉ៃលិន បានបើកទ្វារទទួល និងចាក់វ៉ាក់សាំងដូសទីពីរ ជូនប្រជាពលរដ្ឋ និងព្រះសង្ឃដោយឥតគិតថ្លៃ និងតាមគោលការស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំ ពលរដ្ឋណាម្នាក់ឡើយ ។ អនុគណៈកម្មការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៃរដ្ឋបាលខេត្តប៉ៃលិន ឯកឧត្តម ហុក សុផល បានរៀបចំសណ្ដាប់ធ្នាប់ និងរក្សាគម្លាតសុវត្ថិភាព បានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលចំពោះប្រជាពលរដ្ឋ ដែលអញ្ជើញមកចាក់ថ្នាំវ៉ាក់សាំង និងតម្រូវឱ្យអនុវត្តការលាងដៃបាញ់នឹងអាកុល ស្ទង់កំដៅ រក្សាអនាម័យ មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំងផ្តល់វ៉ាក់សាំង ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ ក្នុងនោះក៏មានព្រះសង្ឃនៅតាមវត្តនីមួយៗ ធ្វើការចាក់វ៉ាក់សាំងផងដែរ ។ អ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ ត្រូវតែបន្តអនុវត្តវិធានសុខាភិបាល ៣ការពារ (ពាក់ម៉ាស លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ) និងបីកុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់រហ័ស ។





ឯកឧត្តម ហុក សុផល បានឲ្យអ្នកសារព័ត៌មានក្នុងខេត្តប៉ៃលិនដឹងថា ៖ ការចាក់វ៉ាក់សំាង ដូសទីពីរនេះ គឺជាការចាក់បង្គ្រប់ដូសទី១ ដែលប្រព្រឹតទៅកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ។ ឯកឧត្តមបានបន្តថា ការចាក់វ៉ាក់សាំងដូសទី១ បានចាក់ជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅប្រមាណ៣៩៣០២នាក់ ក្នុងនោះ ព្រះសង្ឃក៏បានចាក់វ៉ាក់សំាំងរួចរាល់ដែរ ដោយមានចំនួន១១៣អង្គក្នុងខេត្តប៉ៃលិន ស្នើនឹង១០០% ព្រះសង្ឃក្នុងខេត្តដែលមានព្រះជន្ម១៨វស្សាឡើងទៅ ៕