ខេត្តប៉ៃលិន ៖
សេចក្តីរាយការណ៍ពីព្រំដែនកម្ពុជាថៃ បានឱ្យដឹងថា ក្នុង១ថ្ងៃៗ ពលករឆ្លងដែនពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន មិនតិចជាង៤០ទៅ៥០នាក់នោះឡើយ ដោយមានថ្ងៃខ្លះឡើងរហូតដល់៧០ទៅ៨០នាក់ឯណោះ ។ ភាគច្រើន ពលករទាំងនោះ មិនត្រឹមតែជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិននោះឡើ យ គឺមកពីតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តត្រៀមខ្លួនជាស្រេច ក្នុងការទទួលពួកគាត់ឱ្យចូលកន្លែងធ្វើចត្តាឡីស័ក ដើម្បីពិនិត្យរកមើលវីរុសកូវីដ ១៩ លុះធ្វើតេស្តរហ័សឃើញផ្ទុកមេរោគនេះ ក្រុមគ្រូពេទ្យរៀបចំបញ្ជូនទៅកន្លែងព្យាបាល ដែលបានរៀបចំទុក ជាស្រេច ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មានពលករឆ្លងដែនពីប្រទេសថៃប្រមាណ ៥០ទៅ៦០នាក់ កំពុងនាំគ្នាចូលមកក្នុងប្រទេសកម្ពុជា ខណ:នៅទីនោះមានការផ្ទុះឡើង នៃជំងឺកូវីដ ១៩ គួរឱ្យព្រួយបារម្ភ ។ ទោះបីជាយ៉ាងណា ក្រុមគ្រូពេទ្យ ក្រុមយុវជន ស.ស.យ.កខេត្ត និងមន្រ្តីប្រចាំការនៅតាមគោលដៅ ច្រកទ្វារ និងច្រករបៀង មិនបណ្តែតបណ្តោយឱ្យពលករណាម្នាក់ របូតចូលមកក្នុងខេត្តប៉ៃលិន ដោយមិនបានពិនិត្យ ឱ្យបានដិតដល់នោះឡើយ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ តាំងពីព្រឹករហូតមកដល់រសៀលថ្ងៃដដែល មានពលករឆ្លងដែនមកពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជាប្រមាណ៥២នាក់ ក្នុងនោះ អ្នករស់នៅខេត្តបាត់ដំបងចំនួន២១នាក់ (ស្រី៨នាក់ ក្មេង៤នាក់) អ្នករស់នៅខេត្តបន្ទាយមានជ័យចំនួន១៨នាក់ (ស្រី៩នាក់ ក្មេង៣នាក់) អ្នករស់នៅខេត្តកំពង់ស្ពឺម្នាក់ អ្នករស់នៅខេត្តព្រៃវែង៧នាក់ (ស្រីម្នាក់) អ្នករស់នៅខេត្តក្រចេះ៣នាក់ (ស្រីម្នាក់ ក្មេង២នាក់) និងអ្នករស់នៅខេត្តប៉ៃលិន២នាក់ (ស្រីម្នាក់) រកឃើញបុរសម្នាក់រស់នៅក្នុងខេត្ត ប៉ៃលិន មានផ្ទុកវីរុសកូវីដ ១៩ ។
បើតាមប្រភព័ត៌មានពីឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាប្រធាន អនុគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រចាំការច្រកទ្វារអន្តរជាតិព្រំ និងច្រករបៀង បានបញ្ជាក់ឱ្យដឹងដែរថា ៖ ក្នុង១ថ្ងៃៗ ពលករឆ្លងដែនពីប្រទេសថៃ ចូលមកក្នុងទឹកដីខេត្តប៉ៃលិន មិនក្រោម៥០នាក់នោះឡើយ ហើយរដ្ឋបាលខេត្តប៉ៃលិន ត្រៀមខ្លួនជាស្រេច ក្នុងការទទួលពួកគាត់ ដាក់នៅកន្លែងចត្តាឡីស័ក រួចពិនិត្យ ព្យាបាល ក្នុងករណីរកឃើញវីរុសកូវីដ ១៩ ។ តែអ្នកដែលមិនទាន់រកឃើញ គឺឱ្យស្នាក់នៅ ធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃសិន ទើបអនុញ្ញាតឱ្យទៅស្រុកកំណើតរបស់ខ្លួន ។ ឯកឧត្តមបញ្ជាក់ថា ទោះបីជាពលករ រស់នៅខេត្តណាក៏ដោយ គឺអាជ្ញាធរខេត្តប៉ៃលិន ជាអ្នកទទួលខុសត្រូវ ដោយយកពួកគាត់ ទៅដាក់នៅកន្លែងដែលបានរៀបចំថ្មីៗ បន្ថែមទៀត ហើយក៏មានអ្នកជាសះស្បើយចេញទៅស្រុកកំណើតជាបណ្តើរៗ និងមានពលករមកពីប្រទេសថៃជាបន្តបន្ទាប់ផងដែរ ។ ទោះបីជាយ៉ាងណា ក្រុមគ្រូពេទ្យ និងមន្រ្តីជំនាញ នៅតែផ្លាស់ប្តូរវេណគ្នាប្រចាំការជាប់ជានិច្ច មិនរអ៊ូរទាំ ឬត្អូញត្អែរនោះឡើយ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវមួយនេះ ចូលក្នុងសហគមន៍ ៕