ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ គេសង្កេតឃើញអាជីវករនាំគ្នាលក់ដូរនៅកន្លែងថ្មីបណ្តោះអាសន្ន ស្ថិតនៅចំណុចដីម្ចាស់ ឈ្មោះ សា ចំរើន ហៅអឿង ក្នុងភូមិអូរតាពុក ក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណ:ពេលដែលផ្សារសាមគ្គី ហៅប៉ាហ៊ី និងផ្សារថ្មីប៉ាហ៊ីជើង ហៅផ្សារជាងអូន ត្រូវបានបិទខ្ទប់ ដោយសារអាជីវករនៅក្នុងផ្សារ និងប្រជាព លរដ្ឋរស់នៅជុំវិញផ្សារមួយចំនួនកំពុងឆ្លងជំងឺកូវីដ១៩ ។ ទោះបីជាការលក់ដូរកន្លែងថ្មី មានសភាពស្ងាត់ម៉ូយបន្តិច តែពួកគាត់នៅតែសប្បាយចិត្ត ព្រោះអាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងអាចសងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុប្រចាំខែផងដែរ ។
បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ សុភ័ណ អាយុ៤៥ ឆ្នាំ ជាអាជីវករលក់ផ្លែឈើ បានឱ្យដឹងថា ៖ គាត់ពិតជាសប្បាយចិត្តខ្លាំង ពេលដែលអាជ្ញាធរខេត្ត យកចិត្តទុកដាក់ រៀបចំកន្លែងលក់ដូរថ្មី ជូនដល់ពួកគាត់ទាំងអស់គ្នា ដើម្បីដាក់គ្រែ សង់រោង បោះតង់ សម្រាប់ដាក់បន្លែ ផ្លែឈើ ត្រីសាច់ និងសម្ភារ:ផ្សេងៗ លក់ដូរក្នុងរយ:ពេលខ្លី ទម្រាំតែផ្សារបើកសារថ្មីឡើងវិញ ។ គាត់បន្តទៀតថា បើសិនជាបិទផ្សារទាំងពីរ រយ:ពេលយូរ ហើយអត់មានកន្លែងលក់ដូរ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ជិវភាពគ្រួសារប្រចាំថ្ងៃកាន់តែខ្លាំងឡើងៗ ។ គាត់បន្តទៀតថា ការលក់ដូរនៅកន្លែងថ្មី មានសភាពស្ងាត់ម៉ូយបន្តិច ពោលគឺការលក់ដូរខុសគ្នាឆ្លាយពីកាលនៅឯផ្សារសាមគ្គី ដោយក្នុង១ថ្ងៃ គាត់អាចរកចំណូលបាន២០ទៅ៣០ម៉ឺនរៀលេនោះ លុះមកដល់កន្លែងថ្មីនេះ ក្នុង១ថ្ងៃ គាត់អាចរកចំណូល បានត្រឹមតែ១០ទៅ១៥ម៉ឺនរៀលក្នុង១ថ្ងៃប៉ុណ្ណោះ ។
ចំណែកអាជីវករលក់សាច់ជ្រូក ឈ្មោះ សុផល ក៏សូមអំពាវនាវដល់អាជ្ញាក្រុងខេត្តឱ្យជួយរៀបចំប្រព័ន្ធភ្លើង ទឹកសម្រាប់ងាយស្រួលក្នុងការលក់ដូរ ជាពិសេសការលក់ដូររហូតដល់ពេលយប់បន្តិចងងឹតលំបាកលក់ដូរផងដែរ ។ ពួកគាត់ ក៏សំណូមពរដល់អាជ្ញាធរបើកឱ្យម៉ូតូជិះចូលទៅដល់ផ្នែកខាងក្រោយ ដើម្បីទិញឥវ៉ាន់របស់ខ្លួន ដែលកំពុងដាក់តាំងលក់ដូរនៅឆ្ងាយពីគេ ព្រោះបើបិទការជិះម៉ូតូចូល គឺម៉ូយទិញឥវ៉ាន់តែអ្នកលក់ដូរផ្នែកខាងមុខប៉ុណ្ណោះ ទើបធ្វើឱ្យពួកគាត់មានការលំបាកលក់ដូរយ៉ាងខ្លាំង ។
បើតាមបុរសម្នាក់ សុន ជាមេការមើលការខុសត្រូវផ្សារខាងលើ បានឱ្យដឹងថា ៖ ក្រោយពីបិទខ្ទប់ផ្សារទាំងពីរកន្លែងក្នុងក្រុងប៉ៃលិន រដ្ឋបាលខេត្ត ក្រុងប៉ៃលិន បានរៀបចំកន្លែងលក់ដូរថ្មីជូនអាជីវករដោយឥតគិតថ្លៃ គឺគ្រាន់តែប្រមូលប្រាក់ថ្លៃសំរាម ក្នុង១ថ្ងៃ១០០០រៀលប៉ុណ្ណោះ ។ ប្រភពបន្តទៀតថា តូបដែលប្រជាពលរដ្ឋនាំគ្នាទៅលក់ដូរនៅកន្លែងថ្មី មានប្រហែល៦០ទៅ៧០តូប ដោយអ្នកខ្លះ ទើបតែចូលមកសង់រោងធ្វើតូបលក់ដូរបណ្តើរៗ ខ្លះទៀតក៏រើចេញទៅលក់នៅតាមមុខផ្ទះរបស់ខ្លួន ។
លោកបន្តទៀតថា ចំណែកម៉ូតូ និង រថយន្តក៏មានក្រុមហ៊ុនឯកជន ក្នុងក្រុងប៉ៃលិន ឈរចាំយាមរក្សា ដោយម៉ូតូ១គ្រឿងត្រូវបង់ប្រាក់១០០០រៀលដែរ ដើម្បីកុំឱ្យម្ចាស់ចតទុកចោល គ្មានសណ្តាប់ធ្នាប់ពេញកន្លែងទិញម្ហូបអាហារ នាំឱ្យចង្អៀតផ្លូវ នឹងអាចមានការបាត់បង់ដោយប្រការណាមួយផងដែរ ៕
ដោយ ៖ នីយ៉ា