ខេត្តរតនគិរី៖

ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងលោកជំទាវ បាននាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨០គ្រួសាររស់នៅក្រុងបានលុង  ខេត្តរតនគិរី។ពិធីចែកអំណោយនោះប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១នាសាលាក្រុងបានលុង។ហើយមានការចូលរួមឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី អភិបាលក្រុង មេភូមិ និងចៅសង្កាត់ទាំង៤ផងដែរ។


អំណោយដែលបាននាំមកជូននោះ ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមមី១កេសតូច ទឹកត្រី១យួរ និងអាហារបំប៉នមួយកញ្ចប់ធំផងដែរ។ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរីបានមានប្រសាសន៍ ថ្លែងអំណរគុណដល់ឯកឧត្តម ខាន់ ខុន ដែលបានខិតខំស្វែងរកថវិកា និងមូលនិធិដើម្បីចុះមកជួយប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយសារវិបត្តិកូវីដ-១៩ នៅក្នុងខេត្តរតនគិរីរបស់យើង។ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរក្រុង និងអាជ្ញាធរសង្កាត់ទាំងអស់ បន្ដផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យរក្សាអនាម័យ លាងដៃ ពាក់ម៉ាស់ រក្សាគម្លាតអោយត្រឹមត្រូវក៏ដូចជាអាណាព្យាបាលដែលមានកូនអាយុ  ១២ឆ្នាំ ដល់១៧ឆ្នាំ មកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នានៅពេលដែលដល់វេនខ្លួន ដើម្បីការពារខ្លួនយើងពីជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីនេះ។ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។


ឯកឧត្តមសង្ឃឹមថា អំណោយដែលបាននាំមកជូននាពេលនេះ នឹងអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយរយៈ សម្រាប់យកមកធ្វើការប្រើប្រាស់ប្រចាំថ្ងៃ។ឯកឧត្តមក៏បានបន្ថែមថានឹងខិតខំស្វែងរកជំនួយជាថវិកា និងមូលនិធិផ្សេងៗទៀត ដើម្បីមកជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាក បន្ថែមទៀតនាឱកាសក្រោយៗ។និងបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ដអនុវត្តវិធានការសុខាភិបាលរួមមាន ៣ការពារ ៣កុំ ដើម្បីឱ្យយើងទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕