ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលអំណោយពីក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta) ។
មានប្រសាសន៍ក្នុងឪកាសនោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងខេត្តប៉ៃលិន ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដើមី្បទ្រទ្រង់ជីវភាព ដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ កំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលបណ្តាក្រុង ស្រុក ក្នុងខេត្តប៉ៃលិន ។
លោកជំទាវ ក៍បានបញ្ជាក់ផងដែរថា អំណោយទាំងនេះ រដ្ឋបាលខេត្ត នឹងធ្វើការបែងចែក ទៅតាមបណ្តាក្រុង ស្រុក ដើមី្បប្រើប្រាស់ ក្នុងមណ្ឌលចត្តាឡីស័ក និងផ្តល់ជូនគ្រួសារប្រជាពលរដ្ឋខ្វះខាត នៅតាមមូលដ្ឋាន ។
ម្យ៉ាងវិញទៀត នេះក៍ជាវប្បធម៌ ចែករំលែក ក្នុងការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ សូមបន្តនូវកាយវិការដ៏សប្បុរសនេះ ក្នុងការចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានការរីកចម្រើនតទៅអនាគតរហូត ៕
ដោយ ៖ នីយ៉ា