អាជ្ញាធរស្រុកកំពង់សៀម ចុះផ្សព្វផ្សាយវិធានការសុខាភិបាល ដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្នុងឃុំចំនួន ០៥ រួមមាន ៖ ឃុំអំពិល ឃុំក្រឡា ឃុំអូរស្វាយ ឃុំវិហារធំ និងឃុំទ្រាន អំពីការរីករាលដាល នៃជម្ងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (DeLta) ដែលបានឆ្លងចូលក្នុងសហគមន៍ ក្នុងប្រទេសកម្ពុជា ។
នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ លោក ប៊ិន ឡាដា អភិបាល ស្រុកកំពង់សៀម ដឹកនាំមន្ត្រីរាជការ យុវជនស្ម័គ្រចិត្ត និងកងកម្លាំងសមត្ថកិច្ច ចុះបិទចងបដារ បិទស្ទីកឃ័រ និងចែកម៉ាស់ជូនអាជីវករ និងប្រជាពលរដ្ឋ ព្រមទាំង ណែនាំផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចេះអនាម័យ លាងដៃនិងសាប៊ូ អាល់កុល ជាប្រចាំ និងពាក់ម៉ាស់ ឬប្រើក្រម៉ា កន្សែង នៅពេលក្រដាស់ និងក្អក ជាពិសេស ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ»។
ក្នុងការចុះផ្សព្វផ្សាយនេះដែល លោកអភិបាល ស្រុកកំពង់សៀម បាននាំយកអំណោយ ឯកឧត្តម គីម សុភៈ ប្រធានក្រុមការងារជនបង្គោលទទួលបន្ទុក ក្រុមការងារយុវជន ស្រុកកំពង់សៀម ឧបត្ថម្ភដល់យុវជនតាមឃុំទាំង ០៥ ខាងលើ ដោយក្នុងមួយឃុំទទួលបាន អាល់កុល ០១កាន ម៉ាស់ ១៥ប្រអប់ ស្រមដៃ ០១ប្រអប់ និងសាប៊ូលុច ១៥ដុំ ដើម្បី ឲ្យសកម្មជនយុវជនឃុំ យកទៅប្រើប្រាស់ ក្នុងការចុះផ្សព្វផ្សាយបន្ដ នៃការរីករាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ផងដែរ ៕