កំពង់ចាម

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២១:៣០នាទី កន្លងទៅ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទល្មើសជាក់ស្តែង លើករណីធ្វើឱ្យខូចខាតដោយចេតនាដុតផ្ទះ ។លោក ទុន ណេត អភិបាលស្រុក ស្ទឹងត្រង់ ឲ្យដឹងថា ដោយបានទទួលបណ្តឹងផ្ទាល់មាត់ ពីឈ្មោះ ញ៉ គា ភេទស្រី អាយុ ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ បានប្តឹងឈ្មោះ បូ សុផា (ជាប្តី)អាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ(ជាមនុស្សប្រើប្រាស់ថ្នាំញៀន ធ្លាប់យកទៅមណ្ឌលកែប្រែបន្សាបថ្នាំញៀន ០៣លើក) បានបោកបំផ្លាញចាន ឆ្នាំងនឹងដុតផ្ទះ បណ្តាលឱ្យខូចខាតផ្ទះ ០១ខ្នង ទំហំ ៦មx១២ម សណ្តែកសៀង ០២តោន ប្រាក់រៀល ៥លានរៀល សម្ភារៈផ្សេងៗ និងទ្រព្យសម្បត្តិមួយចំនួនទៀត ។





លោកអភិបាលស្រុកបន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាម លោកអធិការនគរបាល ស្រុកស្ទឹងត្រង់ បានចាត់កំលាំងជំនាញ សហការជាមួយកំលាំងប៉ុស្តិ៍មេសរជ្រៃ បើកកិច្ចប្រតិបត្តិការបន្ទាន់ និងធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ តាមបញ្ជា លោក តូចឧត្តម ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពង់ចាម ហើយបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បី សាកសួរនិងចងក្រងសំណុំរឿងតាមនិតិវិធី ។ប្រភពពីសមត្ថកិច្ច ឲ្យដឹងថា តាមការស្រង់ចម្លើយ ជនសង្ស័យឈ្មោះ បូ សុផា បានឆ្លើយសារភាពថា ខ្លួនបានខឹងជាមួយប្រពន្ធ ដោយសុំប្រាក់ ប្រាំម៉ឺនរៀល មិនបាន ខ្លួនបានបោកចាន ឆ្នាំងបែកអស់ជាច្រើន នឹងបានបញ្ឆេះភ្លើងចង្ក្រានហ្គាស ដាំទឹកឆុងមី នៅលើផ្ទះហើយបណ្តាលឱ្យឆាបឆេះផ្ទះតែម្តង ៕