ខេត្តប៉ៃលិន ៖ 

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីគណៈ ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្រ្តីចំណុះនាយកដ្ឋានច្រកទ្វារទី១ និងគ្រប់បណ្តាអង្គភាពពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងភាគីថៃជាមិត្តផងដែរ។


ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកនាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ថ្មី ត្រូវរក្សាឲ្យបានល្អនូវក្រមសីលធម៌ វិជ្ជាជីវ: ក្នុងនាមជាថ្នាក់ដឹកនាំ ដោយមានការសាមគ្គីភាពផ្ទៃក្នុង និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការងារ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន បន្តគោរព ព្រមទាំងអនុវត្តឲ្យបាននូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវជំរុញការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ឲ្យកាន់តែល្អប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់ផងដែរ ។ 


ឯកឧត្តមនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានមានប្រសាសន៍លើកឡើងឱ្យមន្ត្រីនគរ បាលអន្តោប្រវេសន៍ទាំងអស់ ត្រូវស្វែងយល់អំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួន ក្នុងក្របខណ្ឌមន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលបានបំពេញ បេសកកម្មការងារនៅតាមគោលដៅច្រកទ្វារព្រំដែនអន្តរជាតិ ដូចជា៖ ការត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន និងខិតខំធ្វើការស្វែងយល់នូវឯកសារច្បាប់ផ្សេងៗ ទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានទំនាក់ទំនងកិច្ចសហការជាមួយស្ថាប័ននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ក៍ដូចជាប្រទេស ដែលមានព្រំដែនជាប់គ្នា ដើម្បីសម្រួលឲ្យមានភាពងាយស្រួ លដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក។ឯកឧត្តមនាយឧត្តមសេនីយ៍ បានជំរុញដល់កម្លាំងនគរបាលអន្តោប្រវេសន៍ ទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះការងារត្រួតពិនិត្យមុខសញ្ញា និងបទល្មើសឆ្លងដែននានា ព្រមទាំងត្រូវពង្រឹងបន្ថែម លើការងារការពារសណ្ដាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែនឲ្យបានតឹងរ៉ឹងបំផុត ជាពិសេសការចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស។

សូមបញ្ជាក់ថា ៖ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ២១៧១ ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកវរៈសេនីយ៍ឯក ផាត សុផាន់ណា អត្តលេខ ៦២៣៦៧ ត្រូវបានប្រកាសតែងតាំងជានាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ជំនួសលោកវរៈសេនីយ៍ឯក ផាត់ វីរៈ អត្តលេខ ៦៤១៩៤ ដែលត្រូវទៅកាន់តំណែងថ្មី ជានាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ៕