ខេត្តប៉ៃលិន ៖ 

ដើម្បីអនុវត្តតាមគោលការណ៍របស់រដ្ឋបាលខេត្តប៉ៃលិន កម្លាំងនគរបាល ស្នងការខេត្តប៉ៃលិន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា ស្នងការរង នគរបាលខេត្ត កាលពីវេលាម៉ោង៩ និង០០នាទីយប់ថ្ងៃទី០៤ ខែសីហា ២០២១ បានចុះអនុវត្តបម្រាមគោចរ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយធ្វើការឃាត់ខ្លួនអ្នកធ្វើដំណើរល្មើសច្បាប់គោចរចំនួន១១នាក់ រួមជាមួយនឹងម៉ូតូចំនួន១០គ្រឿង ។ លុះក្រោយពីធ្វើការណែនាំអប់រំ ឱ្យអាវ៉ង់ដី និងអង្គុយរហូតដល់ម៉ោង១២ និង០០នាទីយប់ ទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះរៀបៗ ខ្លួនវិញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រភេទថ្មី ដែលតា (Delta) ខណ:ជំងឺដ៏កាចសាហាវនេះ កំពុងតែឆ្លងរាលដាលនៅក្នុងខេត្តមួ យចំនួនក្នុងប្រទេសកម្ពុជា ។ 



 បើតាមប្រភពព័ត៌មានពីលោក ឧត្តមសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ ក្រោយពីទទួលបាននូវសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តប៉ៃលិន ធ្វើការបិទខ្ទប់ខេត្តចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទថ្មី (ដែលតា) គឺបិទការធ្វើដំណើរឆ្លងដែនចេញចូលទៅមកចាប់ពីវេលាម៉ោង២៣ និង៥៩នាទីយប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទើបកម្លាំង របស់លោក បានចុះអនុវត្តជាបន្តបន្ទាប់ ។ ជាក់ស្តែងនៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ក្រោយពីចុះប្រតិបត្តិការ បានធ្វើការឃាត់អ្នកធ្វើដំណើរល្មើសច្បាប់ចំនួន១១នាក់ រួមជាមួយនឹងម៉ូតូ១០គ្រឿង ដោយធ្វើការពិនិត្យស្ទង់កំដៅ អប់រំណែនាំ និងដាក់ពិន័យឱ្យអាវ៉ង់ដីម្នាក់ៗ ចំនួន៣០ដង រួចឱ្យអង្គុយរង់ចាំនៅលើសួនកុមារ រហូតដល់ម៉ោង១២និង០០នាទីយប់ ទើបឱ្យវិលត្រឡប់ទៅផ្ទះរៀងៗ ខ្លួនវិញ ។ លោកបន្តទៀតថា ចំពោះអ្នកបើកបរម៉ូតូ ឬរថយន្ត ដឹកអ្នកជំងឺ ដែលត្រូវប្រញាប់ទៅព្យាបាល និងស្រ្តីមានផ្ទៃពោះ ត្រូវទៅសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឬគ្លីនិកឯកជន គឺអាចអនុញ្ញាតឱ្យបន្តដំណើរ ។ ហើយចំពោះមន្រ្តីរាជការ ដែលត្រូវបំពេញភារកិច្ចនាពេលយប់ ក្នុងភាពចាំបាច់ ត្រូវមានកាតឬប័ណ្ណសម្គាល់អង្គភាពចេញពីសាលាខេត្តជាដើម ។ 



លោកបញ្ជាក់ទៀតថា កម្លាំងសមត្ថកិច្ចនគរបាល មិនត្រូវយោគយល់ចំពោះបងប្អូន ឬបក្សពួកនិយម ខណ:ពេលល្មើសច្បាប់ ដោយអនុញ្ញាតឱ្យធ្វើដំណើរគ្មានការពិន័យនោះឡើយ ។ លោក ក៏បានឱ្យកត់ស្លាកលេខម៉ូងូ ឬរថយន្ត ដែលល្មើសច្បាប់ បើនៅថ្ងៃខាងមុខ ឃើញមានដដែលទៀត នឹងធ្វើការផាកពិន័យតាមផ្លូវច្បាប់ ៕