ខេត្តរតនគិរី៖

រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។ កិច្ចប្រជុំធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ មានការចូលរួម ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ៧រួមមាន៖

១. បើកកិច្ចប្រជុំ

២. ពិនិត្យកូរ៉ុម

៣. សេចក្ដីថ្លែងហេតុ

៤. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លេីកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ។

៥. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារបន្ដប្រចាំខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

៦. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ៧. ផ្សេងៗ ។

ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត បានល្អប្រសើរ ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្តការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការ ដែលរដ្ឋបាលខេត្តបានដាក់ចេញ តាមខែនីមួយៗ ជាពិសេសខែកក្កដាដែលទើបកន្លងផុតថ្មីៗនេះ។ឯកឧត្តមបានស្នើដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ត្រូវបន្តអនុវត្តឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបន្តអនុវត្តការងាររបស់ខ្លួនឲ្យសម្រេចទទួលបានជោគជ័យថ្មីៗបន្ថែមទៀតស្របតាមផែនការដែលបានដាក់ចេញ។


ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថាការសម្រេចជោគជ័យនូវផែនការអភិវឌ្ឍន៍ខេត្ត គឺដោយសារមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានការសហការយ៉ាងស្វិតស្វាញពីសំណាក់អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដែលទាំងនេះជាការសាមគ្គីភាពគ្នារវាងថ្នាក់ដឹកនាំខេត្ត ជាមួយមន្ត្រីនិងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការដឹកនាំរបស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ចំពោះស្ថានការណ៍ជំងឺកូវីដ១៩ ហាក់មិនទាន់ថមថយនៅទូទាំងប្រទេស ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកម្លាំង សមត្ថកិច្ចទាំងអស់បន្ដណែនាំដល់បងប្អូនប្រជាពលរដ្ឋបន្ដពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាព អោយបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ដើម្បីការពារខ្លួនយើងទាំងអស់គ្នាពីជំងឺដ៏កាចសាហាវនេះ៕