ខេត្តប៉ៃលិន

នណារៗក៏ដឹងដែរថា «ភ្នំយ៉ាត» គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយដ៏ស្រស់ ស្អាតនៅក្នុងខេត្តប៉ៃលិន ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ និងនៅក្បែរវត្តរតនសោភ័ណហៅវត្តកោងកាង កន្លែងទេសចរណ៍មួយនេះ គឺជាបេះដូងនៃខេត្តប៉ៃលិន ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរទាំងឡាយ ដែលចេញ-ចូល មកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត ដើម្បីគយគន់មើលសំណង់ប្រវត្តិសាស្រ្តមួយចំនួន ដែលនៅជាប់នឹងជើងភ្នំយ៉ាតតែម្តង ដូចជាប្រាសាទ ទ្វារ៨ទិស និងព្រះចូឡាមុនីចេតីយ៍តែម្តង ។ 






បើតាមសង្ឃដិការបស់ព្រះគ្រូ រិន ផល្លា ព្រះគ្រូលេខាធិការគុណខេត្ត និងជាព្រះគ្រូចៅអធិការវត្តភ្នំយ៉ាតបានឱ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា ៖ ដីនៅលើភ្នំយ៉ាតនេះ គឺជាដីរ៉ែធម្មជាតិ មានត្បូងពេជ្រ ដ៏មានតម្លៃយ៉ាងច្រើនមហាសាលផងដែរ ។ លើសពីនេះ នៅលើកំពូលភ្នំយ៉ាត មានវត្តអារាមមួយ ដែលមានឈ្មោះថា «វត្តគិរីរតនារាមភ្នំយ៉ាត ឬហៅថា វត្តភ្នំយ៉ាត» និងមានសំណង់បូរាណ, សំណង់ថ្មីៗ និងអាស្រមជាច្រើន ដូចជាព្រះចូឡាមុនីចេតីយ៍តូច-ធំ, អាស្រមលោកយាយយ៉ាត រូបសំណាកព្រះពុទ្ធផ្ចាញ់មារ កំពស់២១ម៉ែត្រ , សំណង់ប្រាសាទ៨ទិស-ព្រះសិអាមេតី្រ, អាស្រមព្រះគោ-ព្រះកែវ ជាដើម ។ព្រះចៅអធិការវត្តបានបន្តទៀតថា នៅជាប់នឹងជើងភ្នំយ៉ាត ក៏មានអាស្រមលោកយាយយ៉ាតផងដែរ ជាពិសេសអាស្រមធំគឺរូបសំណាករបស់លោកយាយយ៉ាត នៅភាគខាងកើតនៃជើងភ្នំយ៉ាត ដែលមានរូបលោកយាយយ៉ាត ធ្វើអំពីថ្មភ្នំព្រះវិហារ ឆ្លាក់ដោយវិចិត្រករខ្មែរនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានទំងន់ជាង៣៣តោនឯណោះ ។ ចំណែកប្រជាពលរដ្ឋ អ្នកដំណើរ និងភ្ញៀវទេសចរណ៍ទាំងឡាយដែលមកលែងកំសាន្តនៅក្នុងខេត្តប៉ៃលិន តែងតែចូលទៅអុជធូប បួងសួងសុំសេចក្តីសុខ សប្បាយ ពីលោកយាយយ៉ាត ដោយពួកគាត់យល់ថា លោកយាយយ៉ាតមានបារមីស័ក្តិសិទ្ធ គឺពុទ្ធបរិស័ទ្ធមកពីទីជិតឆ្ងាយ ។ 






សូមបញ្ជាក់ថា ៖ ជាមួយគ្នានេះដែរ បច្ចុប្បន្នវត្តភ្នំយ៉ាត គឺត្រូវបានគេសាងសង់សំណង់ពុទ្ធសា សនាបន្ថែម ហើយដោយសង្កេតឃើញថាផ្លូវបេតុងឡើងទៅភ្នំយ៉ាត មានសភាពទ្រុឌទ្រោមខ្លាំង ទើបព្រះចៅអធិការវត្ត កោះប្រជុំគណ:កម្មាធិការវត្តទាំងអស់ រួមជាមួយនឹងឧបាសកឧបាសិកាចំណុះជើងវត្ត បានគៀងគរបច្ច័យពីញាតិញោមពុទ្ធបរិស័ទ្ធ សម្រាប់យកទៅចាក់បេតុងបន្ថែមប្រវែង២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដោយគ្រោងចំណាយថវិកាអស់ប្រមាណជាង៣ម៉ឺនដុល្លារផងដែរ ។ ជាពិសេស សម្រាប់ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី ពុទ្ធបរិស័ទ្ធជិតឆ្ងាយទាំងអស់ ដែលចង់ចូលរួមចាប់មគ្គផលកសាងផ្លូវឡើងភ្នំយ៉ាតអាចទំនាក់ទំនងលេខ 015 313 239 ព្រះគ្រូ រិន ផល្លា ដែលជាចៅអធិការវត្តភ្នំយ៉ាត ផ្ទាល់ក៏បានដែរ ៕