ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ បានណែនាំឲ្យបង្កើតក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បី គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ ១៩ តាមផ្ទះ ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញចូលរួមជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពី «នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រងថែ ទាំ និងព្យាបាលអ្នកជម្ងឺកូវីដ ១៩ នៅតាមផ្ទះ» នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២១ នេះ ។
កិច្ចប្រជុំខាងលើ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ ក្នុងខេត្ត លោកអភិបាលស្រុក/ក្រុងទាំង ១០ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ផងដែរ ។ ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា ដោយផ្អែកនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រងថែ ទាំនិងព្យាបាលអ្នកជម្ងឺកូវីដ ១៩ នៅតាមផ្ទះ គឺតម្រូវឲ្យបង្កើតក្រុមការងារថ្នាក់ខេត្ត ដើម្បី គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ ១៩ តាមផ្ទះ ។ រីឯរដ្ឋបាលក្រុង/ស្រុក ក៏ត្រូវរៀបចំបង្កើតក្រុមការងារ នៅថ្នាក់ក្រុង/ស្រុក ដើម្បី គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ ១៩ តាមផ្ទះ ផងដែរ ។
ឯកឧត្ដម បញ្ជាក់ដែរថា ការព្យាបាលអ្នកជម្ងឺកូវីដ ១៩ តាមផ្ទះនេះ គឺដើម្បី ជួយកាត់បន្ថយ បន្ទុករដ្ឋាភិបាល ហើយការព្យាបាល តាមផ្ទះ គឺធ្វើទៅបាន សម្រាប់តែអ្នកជម្ងឺកម្រិតស្រាល និងគ្មានរោគសញ្ញា ប៉ុណ្ណោះ ។ ដូច្នេះ យើងត្រូវបង្កើតក្រុមគ្រូពេទ្យ នៅតាមបណ្តាស្រុក/ក្រុង ១ ក្រុម មានសមាភាពចំនួន ១០នាក់ ដើម្បី ចុះតាមមូលដ្នាន អាស្រ័យទៅលើស្រុក/ក្រុង នីមួយៗ ដែលមានចំនួនប្រជាពលរដ្ន នៅក្នុងមូលដ្នានរបស់ខ្លួន ផងដែរ ៕