ខេត្តប៉ៃលិន ៖
នៅក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅក្នុងភូមិសាស្ត្រនៅខេត្តប៉ៃលិន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាប្រធានអនុគណ:កម្មការត្រួតពិនិត្យការចេញ-ចូល ក្នុងប្រទេស និងធ្វើចត្តាឡីស័ក បានសម្ដែងការកោតសរសើរចំពោះរដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំទីតាំងសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរមកពីព្រះរាជាណាចក្រថៃឡង់តិ៍ និងបងប្អូនដែលធ្វើដំណើរមកពីបណ្ដាខេត្តផ្សេងៗ ទទួលការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយផាសុកភាពខ្ពស់ ។
ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានសុំឱ្យប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័ក និងកំពុងតែព្យា បាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិន ទាំងអស់ ខិតខំអត់ធ្មត់ស្ដាប់តាមការណែនាំរបស់ប្រធានមណ្ឌលនីមួយៗ នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាយើងកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនោះបច្ចុប្បន្នជំងឺកូវី-១៩ បំប្លែងថ្មី ដែលមានឈ្មោះថា (ដែលតា) កំពុងតែរីករាលដាលនៅក្នុងបណ្ដាខេត្ត ជាប់ព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានឆ្លងចូលទៅដល់រាជធានីភ្នំពេញមួយចំនួនផងដែរ ។ ដូច្នេះ សូមឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក មានការអត់ធ្មត់និងខិតខំប្រឹងប្រែងថែទាំសុខភាពឲ្យបានល្អ ដោយធ្វើយ៉ាងណា ត្រូវរស់នៅ និងធ្វើចត្តាឡឺស័កឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រ សួងសុខាភិបាល ក៏ដូចជាវិធានការនានារបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ -១៩ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានទទួលស្វាគមន៍ដំណើរបេសកកម្មរបស់ឯក ឧត្តម ហ៊ុនម៉ានិត បានមានប្រសាសន៍ថា ៖ បច្ចុប្បន្ននេះ ខេត្តប៉ៃលិនបានរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងទីតាំងសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលមានផ្ទុកជំងឺកូវីដ ១៩ ចំនួន៩ទីតាំង ក្នុងនោះនៅក្នុងក្រុងប៉ៃលិនចំនួន០៣ទីតាំង និង នៅស្រុកសាលាក្រៅចំនួន០៦ទីតាំង ។ លោកជំទាវបន្តថាសម្រាប់ទីតាំងធ្វើចត្តាឡីស័ក និងការព្យាបាលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដារតែមួយ ដែលមានសម្ភារ:ប្រើប្រាស់ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងអគ្គិសនី និងបន្ទប់ទឹក បង្គន់អនាម័យប្រើប្រាស់ ការផ្គត់ផ្គង់ម្ហូបអាហារបីពេល គ្រប់គ្រាន់ល្មមសមរម្យ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានទទួលបងប្អូនប្រជាពលករដែលមកពីបណ្ដាខេត្តផ្សេងៗ ផងដែរដូចជាខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបជាដើម។
សូមបញ្ចាក់ថា ដើម្បីកុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ កាន់តែលឿន ជាពិសេសវីរុសបំប្លែងខ្លួនថ្មីហៅថា (ដែលតា) រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ខេត្តចំនួន០៧ ដែលមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃ រួមមានខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តប៉ៃលិន បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងរួមមានខេត្តសៀមរាបផងដែរ ។ ដោយឡែកសម្រាប់ ខេត្តប៉ៃលិនផ្ទាល់ក៏បានដាក់ចេញនូវសេចក្ដីសម្រេច និងសេចក្ដីណែនាំចំនួនពីរផ្សេងគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងនោះរួមមានការអនុវត្តន៍វិធានការបម្រាមគោចរ ចន្លោះពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ និងការផ្អាកជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចំពោះមុខរបរអាជីវកម្មដូចជាខារ៉ាអូខេ រមណីយដ្ឋាន អាជីវកម្មម៉ាស្សា ហាងលក់គ្រឿងស្រវឹងគ្រប់ប្រភេទ កន្លែងហាត់ប្រាណ ព្រមទាំងកន្លែងលេងកីឡាផ្សេងៗ ទៀត ការជួបជុំ ឬការប្រមូលផ្ដុំជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី១០នាក់ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចលើកលែងតែករណីក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ។
ការហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទភោជនីយដ្ឋាន អាហារដ្ឋាន អនុញ្ញាតឲ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈ វេចខ្ចប់ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាន និងអាហារដ្ឋានដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ។ សកម្មភាពការជួបជុំ ឬការប្រមូលផ្ដុំមនុស្សសកម្មភាពការងារមុខរបរ និងអាជីវកម្មដែលត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានការសុវត្ថិភាពសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាពិសេសកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលនឹងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគការវាស់កម្ដៅ និងការអនុវត្តន៍វិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ៕