ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង អញ្ជើញនាំយក អំណោយផ្តល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលត្រូវជាប់ធ្វើចត្តាឡីស័ក ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង ។
នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងរួមនិងអស់លោកលោកស្រីជា អភិបាលរងខេត្ត ។
នៅក្នុងឱកាសនោះ ដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ស្តីពីស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩នៅខេត្តកំពង់ឆ្នាំង ដែលបង្ករឱ្យប្រជាពលរដ្ឋ ឈឺនិងស្លាប់ជាបន្តបន្ទាប់នៅមិនទាន់មានការស្រាកស្រាននោះឡើយ ។
ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺកូវិដ១៩នេះ អាជ្ញាធរខេត្ត ក្រុង.ស្រុក បានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋនៅទីតាមតំបន់ផ្សេងៗដែលជាកន្លែងប្រមូលផ្តុំ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបរិបទនៃការរីករាលដាលនៃជម្ងឺកូវិដ១៩ ។
មានប្រសាសន៍នាឱកាសនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងបានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ស្រុក ក្រុង និង ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយបានលះបង់ទាំងកម្លាំងកាយ និង កម្លាំងចិត្ត ស្មារតី ជំនះគ្រប់ឧបសគ្គ ក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឹដ៏កាចសាហាវនេះ ។
សម្តេចបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងសកម្មភាបប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩នេះ តាមរយៈជម្រុញការអនុវត្តវិធានការរបសរាជរដ្ឋាភិបាល៣កុំ៣ការពារ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានរួចផុតពីជំងឺដ៍កាចសហាវមួយនេះ ។
អំណោយសម្តេចចៅហ្វាវាំង.គង់ សំអុល .បានផ្តល់ជូននាពេលនេះ មានមី១០០០ កេះ ទឹកសុទ្ធ១០០០កេស អង្ករ១០តោន និង ថវិកា២៥លានរៀល និង ផ្តល់ថវិកា៤០លានរៀលផ្សេងទៀតដល់មន្ទីរសុខាភិបាលសម្រាប់ទិញបំពង់ខ្យល់អុកស៊ីហ្សែនត្រៀមទុកនៅក្នុងមន្ទីរពេទ្យផងដែរ ។
ដោយឡែកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចូលរួមផ្តល់អង្ករចំនួន១២៤តោន ឯកឧត្តម ជាវ៉ាន់ដេតអង្ករ១៨តោននិងថវិកា៥លានរៀ ។
ជាមួយនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមថវិកា៤០លានរៀល និង ត្រីខ១០០០យួរ បន្ថែមទៀតផងដែរ ៕
សុក្ខារិន