ខេត្តប៉ៃលិន ៖
រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សិស្សានុសិស្ស និងលោ កគ្រូអ្នកគ្រូ មានការសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញសាលារៀន ត្រូវបានបើកឱ្យដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារអស់រយ:ពេលជាច្រើនខែកន្លងមក ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ ។ បើតាមការរៀបរាប់របស់យុវជនម្នាក់ ឈ្មោះ រតន: ជាសិស្សរៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យបរយ៉ាខា បានឱ្យដឹងថា ៖ តំណាងឱ្យសិស្សានុសិស្សទាំងអស់ ពួកគេពិតជាសប្បាយរីករាយយ៉ាងខ្លាំ ង ដែលបានចូលរៀននាថ្ងៃដំបូងនេះ ក្រោយពីទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ លើកទី២ រួចរាល់ ដោយត្រូវបានរដ្ឋបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យពួកគេចូលរៀនសារជាថ្មីឡើងវិញ ។ បន្ទាប់ពីសាលារៀនទាំងអស់នៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា ត្រូវបានបិទទ្វារ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។ ក្នុងការចូលរៀននេះ ពួកគេទាំងអស់គ្នា បានធ្វើតាមការណែនាំរបស់ប្រមុខរាជរដ្ឋភិបាល (៣ការពារ ៣កុំ) និងអនុវត្តតាមវិធានការនានា រប ស់ក្រសួងសុខាភិបាល ដោយលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ពាក់ម៉ាសជាប់ជានិច្ច ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ ។ ពួកគេក៏សូមថ្លែងអំណរគុណដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យដំណើរការចូលរៀនឡើងវិញ ។
បើតាមលោកការរៀបរាប់ពីលោក ទាវ សាម៉ុន ជាគ្រូបង្រៀនគណិតវិទ្យា នៃអនុវិទ្យាល័យបរយ៉ាខា បានឱ្យដឹងថា ៖ លោកបង្រៀនសិស្សចំនួន៣ថ្នាក់ សរុបចំនួន៦៤នាក់ ហើយនៅពេលនេះ លោកពិតជាសប្បាយចិត្តខ្លាំង ខណ:ដែលសាលារៀនបានបើកឱ្យដំណើរការឡើងវិញ ។ បន្ទាប់ពីបានបិទទ្វារអស់រយ:ពេលជាច្រើនខែ ដោយមានតែការបង្រៀនតាមប្រព័ន្ធអ៊ីនធើណេតប៉ុណ្ណោះ ។ លោកបន្តទៀតថា ការបង្រៀនតាមប្រព័ន្ធអនឡាញពិតជាជួបការលំបាកច្រើន ដោយជួនកាលសិស្សនៅតំបន់ អត់សូវមានសេវា សិស្សខ្លះអត់បានប្រើទូរស័ព្ទទំនើប លំបាកក្នុងការមើលមេរៀន ក៏ដូចជាលំបាកក្នុងការពន្យល់ ដើម្បីឱ្យសិស្សងាយយល់ជាដើម ។ លោកបញ្ជាក់ទៀតថា តែពេលសា លាបើកឡើងវិញ ការបង្រៀនផ្ទាល់បង្កភាពងាយស្រួលជាង ព្រោះអាចពិនិត្យ និងស្ទង់មើលចំណេះដឹងសិស្ស ព្រមទាំងអាចសួរនាំត្រង់កន្លែងណាដែលឆ្ងល់ និងធ្វើការពន្យល់បានក្បោះក្បាយថែមទៀត ។ លោកក៏សូមអរគុណដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកឱ្យសាលារៀនមួយចំនួននៅក្នុងខេត្តប៉ៃលិន បានដំណើរការចូលរៀនសារជាថ្មីឡើងវិញ ។ ទោះបីជាយ៉ាងណា នៅក្នុងសាលារៀនរបស់លោក មុននឹងចូលដល់បន្ទប់រៀន គឺមានអ្នកឈរចាំបាញ់អាល់កុល ព្រមទាំងពិនិត្យកំដៅ ដើម្បីការពារកុំឱ្យឆ្លងរាលដាលនៃជំងឺកូវីដ១៩សារជាថ្មីឡើងវិញ ។
ចំណែកលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ ខាងមន្ទីរបានដាក់បទបញ្ជាផ្ទៃក្នុងសុខភាពសិក្សាចំនួន៨ចំនុច:ទី១. លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ទី២. ត្រូវបានចាក់វ៉ាក់សាំងទាំងពីរលើករួច ទី៣. ត្រូវពាក់ម៉ាសជាប្រចាំ ក្នុងបរិវេណសាលា ក្នុងនិងក្រៅបន្ទប់រៀន ទី៤. ត្រូវឆ្លងកាត់ការវាស់កំដៅមុននឹងចូលបរិវេណសាលា និងក្នុងបន្ទប់រៀន ។ ករណីរកឃើញមានកម្តៅចាប់ពី ៣៧.៥0 អង្សាសេឡើងទៅ មិនត្រូវអនុញ្ញាតឱ្យចូលក្នុងគ្រឹះ ស្ថានសិក្សាឡើយ ។ ទី៥. ត្រូវបានអនុញ្ញាត ឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សឈប់សម្រាក ក្នុងករណីមានអាការ:ដូចជា ៖ ក្តៅខ្លួន ក្អក ហៀរសម្បោរ ឈឺបំពង់ក. ពិបាកដកដង្ហើម និងមានរោគសញ្ញាផ្សេងៗ ទៀត នៃជំងឺឆ្លង ឬប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ១៩ អ្នកដែលបានធ្វើដំណើរចេញក្រៅខេត្ត និងអ្នកធ្លាប់ទៅតំបន់ហានិភ័យខ្ពស់ ។ ទី៦. ហាមលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចេញក្រៅខេត្ត ឬទៅតំបន់មានហានិភ័យខ្ពស់ ។ ក្នុងករណីចាំបាច់ ត្រូវសុំការអនុញ្ញាត ប៉ុន្តែពេលត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងមានចំណាត់ការដ្ឋបាលពីប្រធានអង្គភាព ។ ទី៧. ហាមសកម្មភាពជួបជុំ លេងកីឡា ល្បែងកុមារក្នុងបរិវេណគ្រឹះស្ថានសិក្សា ទី៨. ហាមការលក់នំចំណីអាហារនៅក្នុង និងក្រៅរបងគ្រឹះស្ថានសិក្សា ។ លោកបន្តទៀតថា ថ្ងៃនេះ នៅទូទាំងខេត្ត បើកសា លារៀនចំនួន៣៦កន្លែង ចាប់ពីបឋមសិក្សា រហូតដល់អនុវិទ្យាល័យ ដោយមានសិស្សប្រមាណ១១០៦៧នាក់ ។ រីឯនៅតាមសាលារៀន ដែលជាតំបន់មានហានិភ័យទាប គឺនឹងបើកឱ្យដំណើរការជាបន្តបន្ទាប់នៅថ្ងៃខាងមុខ ៕