ខេត្តប៉ៃលិន ៖ ទោះបីជាបញ្ហាវិបត្តិជំងឺកូវីដ ១៩ កំពុងវាយលុកនៅក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេសកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើន លំបាកក្នុងការចេញចូលពីខេត្តមួយទៅខេត្តមួយ ដើម្បីប្រកបការងារ ។ តែប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តប៉ៃលិន បាននាំគ្នាបែរមកដាំបន្លែត្រសក់ទ្រើង (ផ្អ) និងបន្លែផ្សេងៗ លក់ឱ្យឈ្មួញបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ មិនបាម្ភពីការខ្វះខាតស្បៀងអាហារនោះឡើយ ទោះបីជាបញ្ហាតម្លៃទីផ្សារមានការធ្លាក់ចុះជាងមុនបន្តិច ។ 



ជាក់ស្តែងមានកសិករមួយគ្រួសារ ប្តី ឈ្មោះ ឃួន ប៊ុននី អាយុ៤០ឆ្នាំ  ប្រពន្ធ ឈ្មោះ ឌឿន ណេន  អាយុ៣៨ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានដាំបន្លែត្រ ស ក់ទ្រើង(ផ្អ) ចំនួនកន្លះហិកតា នៅលើដីចំការរបស់ខ្លួន រហូតមកដល់ពេលនេះ ចាប់ផ្តើមរៀចំប្រមូលផលជាបណ្តើរៗ ហើយ ដើម្បីលក់បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសល់ថវិកាមួយចំនួ នយកទៅសងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ។ 



បើតាមប្រភពព័ត៌មានពីស្រ្តី ឈ្មោះ ឌឿន ណេន បានរៀបរាប់ឱ្យដឹងថា ៖ គ្រួសាររបស់គាត់ បានប្រកបមុខរបរដាំបន្លែគ្រប់មុខ លក់អស់រយ:ពេលជាង១០ឆ្នាំមកហើយ ដោយការដាំពីមុនធ្វើតាមលក្ខណ:ចេះតៗ គ្នាប៉ុណ្ណោះ ។ តែក្រោយមក ប្តីរបស់គាត់ បានចូលរៀនវគ្គខ្លីៗ ដែលខាងមន្ទីរកសិកម្មខេត្តចុះទៅបណ្តុះបណ្តាលពីរបៀបដាំដុះបន្លែ តាមរបៀបបច្ចេកទេសថ្មី ដោយដាក់ថង់គ្របនៅលើគល់បន្លែមិនឱ្យស្មៅដុះលាយលំនឹងដំណាំ ជាហេតុធ្វើឱ្យលំបាកកំចាត់ស្មៅ និងធ្វើឱ្យបន្លែពិបាក ដុះលូតលាស់ ។ ម្យ៉ាងវិញទៀត ការដាក់រៀបថង់គ្របនៅលើគង់ដំណាំនេះ ធ្វើឱ្យសត្វល្អិតចង្រៃដូចជាស្រមោច សង្អារ ស្រាំង ឱម៉ាល់ ឬសត្វឃ្មុំ មិនហ៊ានចូលទៅទិចផ្លែត្រសក់ខូចនោះឡើយ ព្រោះមានចំណាំងផ្លាតពីថង់ប្លាស្ទិក ធ្វើឱ្យសត្វល្អិតទាំងនោះខ្លាចរអា ។ 



ប្រភពបន្តទៀតថា រហូតមកដល់ពេលនេះ គ្រួសារគាត់បេះផ្លែត្រសក់លក់ឱ្យឈ្មួញ ដែលមកពីក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្នុង១ថ្ងៃ ប្រមូលផលបានប្រហែល៤០០ទៅ៥០០គីឡូ ក្រាម ដោយក្នុង១គីឡូក្រាម លក់ត្រឹមតម្លៃ១០០០រៀល ។ ទោះបីជាយ៉ាងណា ក្រោយពីគិតថ្លៃចំណាយទិញប្រេងបូមទឹក និងទិញគ្រាប់ពូជ ទិញឫស្សីធ្វើទ្រើង ណាមួយទីផ្សារធ្លាក់ចុះជាងមុន គឺមិនសល់ថវិកាច្រើនប៉ុន្មាននោះទេ ។ គ្រាន់តែអាចទប់ទល់ក្នុងពេលករណីបញ្ហាវិបត្តិជំងឺកូវីដ ១៩មិនឱ្យដាច់បាយប៉ុណ្ណោះ ។ លើសពីនេះ គ្រួសារគាត់ ក៏មិនចោលមុខរបរដាំបន្លែលក់ដែរ ព្រោះកាលពីមុន ពួកគាត់ធ្លាប់ចេញទៅធ្វើការ ជាកម្មករគេនៅស្រុកថៃ មិនសល់លុយកាក់នោះឡើយ មានតែមេខ្យល់បោក ហើយជួនកាលធ្វើការងារឱ្យគេគ្មានសេរីភាព ឬពេលវេលាឈប់សម្រាកដូចកា រងារខ្លួនឯងនោះឡើយ លុះពេលធ្វើការដាំដុះខ្លួនឯងផ្ទាល់ ធ្វើឱ្យគាត់ចេះតែបែកគំនិត ទោះបានតិច ឬច្រើន ក៏រស់នៅជួបជុំគ្រួសារ ទទួលបាននូវសេចក្តីសុខសាន្តថែមទៀងផងដែរ ៕ 





ដោយ ៖ នីយ៉ា