ខេត្តប៉ៃលិន ៖ ផ្លូវក្រាលក្រួសក្រហម២ខ្សែ ប្រវែងប្រមាណ៥០គីឡូម៉ែត្រ ដែលជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវភ្លៀងធ្លាក់ជោកជាំម្តងៗ តែងទទួលរងការខូចខាត ក្លាយទៅជាជង្ហក់តូចធំ លំបាក ក្នុងការបើកបរម៉ូតូ ឬរថយន្តចេញចូលទៅមក ជាពិសេសខណ:ពេលមានករណីជំនន់ទឹកភ្លៀងកើតឡើងនៅរដូវវស្សាម្តងៗ ធ្វើឱ្យទឹកហូរកាត់ផ្លូវរងការខូចខាត និងលិចលង់ផ្ទះសម្បែងថែមទាំងផលដំណាំប្រជាពលរដ្ឋផងដែរ។ តែរហូតមកដល់ពេលនេះ ខាងរដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានយកគ្រឿងចក្រទៅធ្វើការឈូសឆាយ ដើម្បីដាក់ប្រព័ន្ធលូបន្ថែម និងក្រាលកៅស៊ូ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលទៅមក ។
ផ្លូវក្រាលក្រួសក្រហមទាំង២ខ្សែខាងលើនេះ ដែល១ខ្សែ ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៥៧ ក្នុងភូមិទំនប់ រហូតដល់ចំណុចផ្សារឃែរ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ហើយ១ខ្សែទៀត ចាប់ពីផ្សារឃែរ ក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ រហូតដល់ចំណុចសួស្តី ក្នុងភូមិប៉ាងរ លឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមការឱ្យដឹងពីលោក យ៉ាន អ៊ិត នាយកទីចាត់ការផែនការ និងវិនិយោគនៃសាលាខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងកាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះថា ៖ ប្រជាពលរដ្ឋរស់នៅក្នុង ស្រុកសាលាក្រៅ នឹងលែងបារម្ភក្រែងជំនន់ទឹកភ្លៀង លិចលង់ផ្លូវថ្នល់ទៀតហើយ ដោ យរដ្ឋបាលខេត្ត បានចាត់ឱ្យខាងលោកដឹកនាំក្រុមការងារយកគ្រឿងចក្រទៅឈូសឆាយរៀបចំធ្វើប្រ ព័ន្ធលូបង្ហូរទឹកឆ្លងកាត់ផ្លូវថ្នល់ និងក្រាលកៅស៊ូ ដោយសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។ លោកបន្តទៀតថា ការធ្វើផ្លូវទាំង២ខ្សែខាងលើនេះ មានប្រវែងប្រមាណ៥០គីឡូម៉ែត្រ ដោយចាប់ផ្តើមស្ថាបនាអស់រយ:ពេល២ខែមកហើយ ដែលក្នុងគំរោង ផ្លូវនេះមានទទឹងប្រវែង៨ម៉ែ ត្រ មានផ្លូវក្រាលក្រួសក្រហមសងខាងផ្លូវប្រវែង១០ម៉ែត្រ ក៏មានការឈូសឆាយធ្វើប្រព័ន្ធលូជាច្រើនកន្លែងបន្ថែមទៀត ដើម្បីកុំឱ្យមានបញ្ហាស្ទះទឹកលិចផ្លូវ ឬផ្ទះប្រជាពលរដ្ឋ ពេលមានករណីជំនន់ទឹកភ្លៀងម្តងៗ ។
លោកបញ្ជាក់ទៀតថា ការធ្វើផ្លូវទាំងពីរខ្សែខាងលើនេះ ក្នុងកុងត្រា មានរយ:ពេលកំណត់ត្រឹម៦ទៅ៩ខែប៉ុណ្ណោះ គឺធ្វើយ៉ាងណាឱ្យរួចរាល់ទាន់ពេលវេលា អាចប្រើប្រាស់ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលចេញពីចំការយកទៅលក់ដូរនៅតាមស្តង់ បានយ៉ាងឆាប់រហ័សផងដែរ ៕
ដោយ ៖ នីយ៉ា