ខេត្តកំពង់ចាម
កាលពីវេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម និងមានការឯកភាពពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។
តាមរបាយការណ៍ពីអាជ្ញាធរស្រុកជើងព្រៃ ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ នោះ ១-ឈ្មោះ អេង បណ្ឌិត ហៅ ឌិត ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិលាងខ្សាច់ ឃុំបារាយណ៏ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ និង ២-ឈ្មោះ ស៊ី ឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ក្រៅពីជនសង្ស័យទាំង ០២នាក់ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ១០កញ្ចប់ និង ទូរស័ព្ទដៃចំនួន ០២គ្រឿង និងសំណាកថង់ថ្នាំញៀនមួយចំនួនធំ ។ បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ខាងលើ ត្រូវបានជំនាញឃាត់ខ្លួន ដើម្បី ធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕