ខេត្តប៉ៃលិន ៖
ប្រជាពលរដ្ឋរស់នៅភូមិបរយ៉ាខា និងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃ លិន ខេត្តប៉ៃលិន មានការព្រួយបារម្ភចំពោះសុវត្ថិភាពលើដងផ្លូវ និងទឹកលិចផ្ទះរបស់ខ្លួន ខណ:ក្រុមឈ្មួញជីកកកាយដី ដឹកលក់ឱ្យប្រជាពលរដ្ឋនៅតាមភូមិ ធ្វើឱ្យកំពប់ដីលើផ្លូវជាច្រើន លុះពេលភ្លៀងធ្លាក់ម្តងៗ បណ្តាលឱ្យរអិល ដួលរងរបួសថែមទៀត ។ ហេតុការណ៍ឈ្មួញដីលក់តាមភូមិបណ្តាលឱ្យកំពប់ធ្លាក់ទៅលើដងផ្លូវក្រាលកៅស៊ូនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ៖ ផ្លូវក្រាលកៅស៊ូ១ខ្សែ ខាងលើ កំពុងតែទទួលរងការខូចខាតជាបណ្តើរៗ ដោយសារក្រុមឈ្មួញនាំគ្នា ដឹកដីលក់នៅតាមភូមិយ៉ាងគគ្រឹកគគ្រេង ជាពិសេសការដឹកដីលក់នេះ អត់មានការគ្របបាំងឱ្យជិតពីលើរថយន្តនោះទេ ទើបធ្វើឱ្យកំទេចដីធ្លាក់ចេញពីលើរថយន្តទៅលើផ្លូវរាយប៉ាយយ៉ាងអនាធិបតេយ្យ ជាហេតុធ្វើឱ្យលំបាក ក្នុងការបើកបរម៉ូតូ និងរថយន្ត ពេលដែលមានភ្លៀងធ្លាក់ ធ្វើឱ្យរអិលរងគ្រោះគ្រោះថ្នាក់ដួលម៉ូតូជាញឹកញាប់ផងដែរ ។ ចំពោះការជីកកកាយដីដឹកលក់ឱ្យប្រជាពលរដ្ឋនេះ ក៏បង្កឱ្យមានការស្ទះប្រព័ន្ធលូបង្ហូរទឹក ពេលភ្លៀងធំម្តងៗ ធ្វើឱ្យទឹកលិចលង់ដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែងចាក់ដី ដោយកាលពីមុន ពេលភ្លៀងធ្លាក់តូចធំយ៉ាងណា ក៏មិនបង្កឱ្យទឹកលិចដល់ផ្ទះរបស់ខ្លួនដែរ ទើបតែប្រជាពលរដ្ឋមួយចំ នួន បានហៅរថយន្តឱ្យដឹកដីយកទៅចាក់ត្រង់កន្លែងខាងលើ ទើបបង្កផលប៉ះពាល់ដល់ផ្ទះពួកគាត់ ។
បើតាមការឱ្យដឹងពីលោក អ៊ូច បឿន មេភូមិបរយ៉ាខា បានប្រាប់ថា ៖ ខាងលោកធ្លាប់ណែនាំ ម្ចាស់រថយន្តឱ្យធ្វើការប្រុងប្រយ័ត្នក្នុងការដឹកដីលក់តាមភូមិ កុំឱ្យកំពប់ធ្លាក់រាយប៉ាយដូចនេះ តែហាក់ដូចជាមិនស្តាប់តាមការណែនាំនោះឡើយ ។ លោកបន្តទៀតថា កាលពីប៉ុន្មានថ្ងៃមុនក៏ឃើញ ខាងក្រុង និងមន្រ្តីបរិស្ថានចុះពិនិត្យកន្លែងខាងលើនេះ ដោយណែនាំដល់ម្ចាស់រថយន្ត និងម្ចាស់ដីកុំ ឱ្យចាក់ដីលុបប្រឡាយបង្ហូរទឹក ។ លោកបញ្ជាក់ថា ណាមួយនៅកន្លែងខាងលើ មិនមែនជាកន្លែងប្រ ឡាយទឹកហូរនោះទេ ទោះបីជាមានភ្លៀងខ្លាំងយ៉ាងណា ក៏មិនស្ទះប្រព័ន្ធផ្លូវទឹកដែរ ៕