កំពង់ចាម

ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ របស់រដ្ឋបាលខេត្ត ចែកជូនកម្មករ កម្មការិនីរោងចក្រ ដែលកំពុងព្យាបាល និងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ចំនួន ០៧គ្រួសារ  នៅស្រុកស្រុកបាធាយ ខេត្តកំពង់ចាម ។ នាឱកាសនោះ ឯកឧត្តម ខ្លូត ចិន្តា បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ជូនចំពោះ បងប្អូនកម្មករ កម្មការិនី ទាំង ០៧គ្រួសារ ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ អំពីសុខភាពផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ ជាពិសេស ការអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងរយៈពេល នៃការសម្រាកព្យាបាល និងកំពុងធ្វើចត្តាឡីស័ក រៀងៗខ្លួននោះ ។




ក្រៅពីនោះ ក៏សូមឲ្យងបងប្អូនទាំងអស់ បន្តអនុវត្តទៅតាមការណែនាំ របស់រដ្ឋបាលខេត្ត ក៏ដូចជា ការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមអនុវត្តវិធានការសុខាភិបាល «៣ការពារ ៣កុំ» ដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងរាល នៃជម្ងឺ កូវីដ ១៩ នៅក្នុងសហគមន៍យើង ជាបន្តទៀត ។សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគ បរិភោគ របស់រដ្ឋបាលខេត្ត ដែលឯកឧត្ដមអភិបាលរងខេត្ត និងក្រុមការងារ នាំទៅចែកជូនកម្មករ កម្មការិនីរោងចក្រ ទាំង ០៧គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ០១កេស ទឹកត្រី ០១យួរ និងត្រីខកំប៉ុង ០១យួរ ៕