ខេត្តប៉ៃលិន ៖ 

មានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ បានឱ្យភ្នាក់ងារយើងដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះថា ៖ ក្រោយពីភ្លៀងធ្លាក់ជាប់ៗ គ្នារាល់ថ្ងៃនៅផ្នែកខាងលើ បណ្តាលឱ្យទឹកស្ទឹងបរយ៉ាខា និងទឹកអូរក្នុងក្រុងប៉ៃលិន បានហូរធ្លាក់ទៅកាន់ផ្នែកខាងក្រោម ទើបកាលពីវេលាម៉ោង០២ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១  មានករណីជំនន់ទឹកភ្លៀងកើតឡើង បណ្តាលឱ្យលិចផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលនៅតំបន់ទំនាប និងហៀរលិចផ្លូវក្រាលក្រួសក្រហម១ខ្សែ លិចវត្តអារាមមួយចំនួន នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ៖ ករណីជំនន់ទឹកភ្លៀងនេះ មិនហក់ស្ទុះឡើងខ្លាំងគួរឱ្យ ព្រួយបារម្ភនោះទេ ព្រោះមានការរាំងភ្លៀងទៅវិញ ដោយទឹកជំនន់មិនស្ទុះហក់ខ្លាំងដូចឆ្នាំមុនៗនោះឡើយ លុះរហូតដល់ពេលព្រឹកថ្ងៃដដែល ទឹកជំនន់នេះ ក៏ចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗ អាចឱ្យប្រជាបលរដ្ឋធ្វើដំណើរបើកបរម៉ូតូ និង រថយន្តឆ្លងទៅកាត់ទៅមកតាមធម្មតា ។ ប្រភពដដែលបានបញ្ជាក់ទៀតថា តំបន់លិចទឹក ដោយសារជំនន់ទឹកភ្លៀងខាងលើ គឺជាកន្លែងទំនាប ព្រោះស្ទើររៀងរាល់ឆ្នាំ ឱ្យតែមានករណីភ្លៀងធ្លាក់ជោកជាំនៅផ្នែកខាងលើនៃក្រុងប៉ៃលិន ឬភ្លៀងធ្លាក់ច្រើននៅត្រង់កន្លែងភូមិឃុំទាំងនេះ តែងតែធ្វើឱ្យក្លាយទៅជាជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែង និងផលដំណាំ របស់ប្រជាពលរដ្ឋ តែក៏ឆាប់ស្រកទៅវិញ បើសិនជាមេឃមិនបន្តធ្លាក់ភ្លៀង ។  


សូមបញ្ជាក់ថា ៖ ជំនន់ទឹកភ្លៀងនេះបានហូរចូលទៅក្នុង ភូមិផ្ទះស្បូវលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ។ ទឹកជំនន់នេះ លិចផ្លូវលំក្នុងភូមិផ្ទះស្បូវចំនួន០១កន្លែង ហូរឆ្លងកាត់ផ្លូវប្រ វែង១០០ម៉ែត្រ ថែមទាំងលិចផ្លូវចូលទៅក្នុងវត្តភូមិផ្ទះស្បូវចំនួន០១កន្លែង ប្រវែង៥០ម៉ែត្រ និងលិចផ្លូវចូលវត្តបាយសី ចំនួន០១កន្លែង ប្រវែង៨០ម៉ែត្រផងដែរ ។ ទោះបីជាយ៉ាងណា ជំនន់ទឹកភ្លៀងខាងលើ មិនបង្កផលប៉ះពាល់ដល់ដំណាំដាំដុះរបស់ប្រជា ពលរដ្ឋ ឬសត្វចិញ្ចឹមនោះឡើយ ខណ:ទឹកនេះជន់ក្នុងរយ:ពេលខ្លីប៉ុណ្ណោះ ហើយអាជ្ញាធរមូលដ្ឋាន ក៏ត្រៀមខ្លួនជាស្រេច ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់ បើសិនជាមានករណីជំនន់ទឹកភ្លៀងឡើងខ្លាំង និងមានរយ:ពេលយូរ ៕