កំពង់ចាម

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១.១៥នាទី នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិព្រែករំដេងកើត  ឃុំពង្រស្រុក កោះសូទិន ខេត្តកំពង់ចាម ។ តាមប្រភពពីសមត្ថកិច្ច ឲ្យដឹងថា  ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រវាងរថយន្ត និងម៉ូតូក្នុងដំណើរបញ្រ្ចាស់ទិសគ្នា ដោយម៉ូតូម៉ាកហុងដាវ៊េវ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ 67.D1 207.57 បើកបរដោយ ឈ្មោះ ហឿន ពិសី ភេទប្រុស  អាយុ ១៤ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ  ខេត្តត្បូងឃ្មុំ និងអ្នកជិះពីក្រោយឈ្មោះ សុន តី ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិឃុំខាងលើ ជាមួយគ្នា  បានបើកបរ ពីទិសខាងលិច ទៅទិសខាងកើត ។ 




លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងរថយន្តម៉ាក់ Nisan ពណ៌ខៀវ ស៊េរីឆ្នាំ១៩៩៥ អ្នកបើកបរឈ្មោះ ប៊ុន សុខឃីម ភេទប្រុស  អាយុ ៥៣ឆ្នាំ  ជាតិខ្មែរនៅភូមិព្រែករំដេងលិច ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយបើកបរ ពីទិសខាងកើត ទៅទិសខាងលិច ។ ប្រភពដដែល បញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះ ដោយអ្នកបើកបរម៉ូតូ ឈ្មោះ ហឿន ពិសី ប្រើប្រាស់ល្បឿនលឿន នៅចំណុចផ្លូវកោង ។ ករណីនេះ បណ្តាលឲ្យរងរបួសមនុស្សប្រុស ០២នាក់ កំរិតធ្ងន់ និងខូចខាតមធ្យោបាយ ម៉ូតូ ១គ្រឿង កម្រិតធ្ងន់ ។ បច្ចុប្បន្ន ជនរងគ្រោះ ឈ្មោះ ហឿន ពិសី និងឈ្មោះ សុន តី ត្រូវបានក្រុមគ្រួសារដឹកតាមរឺម៉ក យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីហែ ស្រុកកោះសូទិន ។ រីឯមធ្យោបាយម៉ូតូ និងរថយន្ត ត្រូវបានផ្នែកជំនាញ យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដើម្បី ចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕