ខេត្តប៉ៃលិន ៖
បើតាមមន្ត្រីជំនាញ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ នៅវេលាម៉ោង០៩ និង២០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្តឹង ករណីបាត់ម៉ូតូចំនួន០១គ្រឿង នៅចំណុចបន្ទប់ជួលក្រោយសាលាឯកជនមួយ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីយុវជនម្នាក់ ឈ្មោះ ឡេង សុភា ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានបាត់ម៉ូតូមួយគ្រឿងម៉ាក Honda Zoomer-X ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-7488 ។
ប្រភពបន្តទៀតថា ៖ នៅវេលាម៉ោង០១ និង៣០នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គាត់បានជិះម៉ូតូចេញទៅទិញមីកំប៉ុងហូប ហើយក៏ជិះមកវិញ ដោយចាក់សោក.ម៉ូតូទុកក្រោមជណ្ដើរផ្ទះ រួចក៏ឡើងទៅលើផ្ទះចូលគេងនៅខាងក្នុងបន្ទប់ លុះព្រឹកឡើង ស្រាប់តែបាត់ម៉ូតូ រកមិនឃើញ ទើបដឹងថា មានចោរចូលលួច ។ ប្រភពបញ្ជាក់ថា ក្រោយទទួកពាក្យបណ្ដឹងពីម្ចាស់ម៉ូតូខាងលើ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសុំការសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរ បាលស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីជួយស្រាវជ្រាវរកមុខជនសង័្សយ លុះមកដល់វេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១១ ខែតុលា នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងម៉ូតួចំនួន០១គ្រឿង នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោកអធិការស្រុកសាលាក្រៅបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់គឺ ទី១-ឈ្មោះ វិមុត សិរី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ទី២-ឈ្មោះ ម៉េង គឹមឡុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញអធិការស្រុកសាលាក្រៅ បានយកជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕