ខេត្តប៉ៃលិន ៖ 

ក្រោយពីសង្កេតឃើញក្រុមឈ្មួញ នៅតែបន្តយកផ្លែស្វាយស្អុយរលួយ និងកំទេចសំបកការ៉ុង ទៅបោះចោលនៅលើចិញ្ចើមផ្លូវជាតិលេខ៥៩ ស្ថិតនៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ បានដឹកនាំក្រុមការងារមន្រ្តីសាលាស្រុក មន្រ្តីឃុំសាលាក្រៅ មន្រ្តីនគរបាលប៉ុស្តិ៍ សាលាក្រៅ និងមេភូមិភ្នំស្ពង់ ធ្វើការដើររើសកាកសំណល់ទាំងអស់នោះ យកទៅបោះចោល និងដុតកំទេច ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន ។ 


បើតាមការរៀបរាប់ពីលោក ស្រី សាមី មេភូមិភ្នំស្ពង់ បានឱ្យភ្នាក់ងារយើងដឹងថា ៖ ស្ទើរតែជារៀងរាល់ថ្ងៃ ឱ្យតែដល់ពេល ដែលកសិករប្រមូលផលផ្លែស្វាយលក់ គេតែងសង្កេតឃើញនៅតាមចិញ្ចើមផ្លូវជាតិលេខ៥៩ ស្ថិតនៅក្នុងភូមិខាងលើ មានពំនូកគំនរផ្លែស្វាយ ដែលឈ្មួញដឹកផ្លែស្វាយយកទៅលក់នៅប្រទេសថៃ លុះជនជាតិថៃរើសយកតែផ្លែស្វាយល្អៗ ពោលគឺផ្លែស្វាយត្រូវប៉ាន់ ដោ យឡែកផ្លែស្វាយខុសខ្នាត គេមិនទិញ ក៏ដឹកយកមកចាក់ចោលនៅតាមដងផ្លូវ បង្កឱ្យប៉ះពាល់ដល់បរិស្ថានតែម្តង ។ 



លោកបន្តទៀតថា នៅព្រឹកថ្ងៃដដែល គំនរផ្លែស្វាយ ដែលឈ្មួញបោះចោលមានចំនួន៥ពុំនូកធំៗ និងមានសំបកការ៉ុង ដែលគេច្រកផ្លែស្វាយ ដាច់រហែក ត្រូវបានឈ្មួញយកទៅបោះចោល រាយប៉ាយពេញចិញ្ចើមផ្លូវ ទើបខាងរដ្ឋបាលស្រុកសាលាក្រៅ បានដឹកនាំក្រុមការងារ ចុះទៅរើសផ្លែស្វាយស្អុយរលួយទាំងនោះបោះចោលទៅក្នុងព្រៃ ។ ចំណែកឯកំទេចសម្រាមថង់ សំបកការ៉ុង នាំគ្នាប្រមូលដុតចោល ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងបង្កជាជំងឺផ្លូវដង្ហើម ដល់ប្រជាពលរដ្ឋ ដែល ធ្វើដំណើរតាមដងផ្លូវខាងលើនេះ ។ លោកក៏សំណូមពរ ឱ្យប្រជាពលរដ្ឋ និងក្រុមឈ្មួញ ដែលរកស៊ីដឹកផ្លែស្វាយទៅលក់ដូរនៅប្រទេសថៃ កុំបន្តនាំគ្នាយកទៅបោះចោលកាកសំណល់ ក៏ដូចជាសំបកការ៉ុងនៅលើចិញ្ចើមផ្លូវដូចនេះតទៀត ព្រោះធ្វើឱ្យបាត់បង់នូវសណ្តាប់ធ្នាប់ ខូចសោភ័ណភាពផ្លូវសាធារណ: ជាគំរូមិនល្អ ខណ:ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវនេះ គេនឹងរិះគន់ដល់ខាងអាជ្ញាធរមូលដ្ឋានផងដែរ ៕