ប៉ៃលិន ៖
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្នុងនាមឯកឧត្តម អុី ឈាន លោកជំទាវ បាន ស្រីមុំ បានដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន មន្ទីរវិស័យ និងមូលដ្ឋាននាំយកសម្ភារៈសិក្សា (សៀវភៅ ប៊ិច ខ្មៅដៃ ទឹកលុប) នំចំណី ទឹកសុទ្ធ ម៉ាស និងថវិកាមួយចំនួនចែកជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាវាលចែងធំ ស្ថិតក្នុងភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ និងសាលាបឋមសិក្សាក្បាលឡាន ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់ ឯកឧត្ដម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារដែលបានចំណាយថវិកាផ្ទាល់ខ្លួននាំយកអំណោយ និងសម្ភារសិក្សា ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នាពេលនេះ វាបង្ហាញឲ្យឃើញពី វប្បធម៌ចែករំលែក និងផ្តល់ក្តីស្រលាញ់ក្នុងនាមប្រជាពលរដ្ឋខ្មែរតែមួយ ហើយសម្ភារ និងអំណោយទាំងអស់នេះជាការរួមចំណែកលើកកម្ពស់វិស័យអប់រំ នៅជនបទដាច់ស្រយាល កាន់តែមានការរីកចម្រើន។ ឯកឧត្តមក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងការសាកសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដែលជានិច្ចកាល តែងតែស្រលាញ់ និងមានការនឹករលឹកចំពោះលោកគ្រូអ្នកគ្រូ។ ក្នុងនោះដែរលោកក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលា ក្នុងការបង្ហាត់បង្រៀនប្អូនៗ នៅក្នុងតំបន់ដាច់ស្រយាល និងតែងតែគិតគូរអំពីសុមាលភាព ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋទូទៅដោយមិនប្រកាន់វណ្ណ: និន្នាកានយោបាយអ្វីឡើយ។ ជាក់ស្តែងសម្ភារ:សិក្សាចែកជូនដល់ក្មួយៗកូនៗសិស្សានុសិស្សនេះ ជាការរួមចំណែកលើកទឹកចិត្តដល់ក្មួយអោយយកចិត្តទុកដាក់សិក្សារៀនសូត្រដើម្បីអភិវឌ្ឍខ្លួនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជាអ្នកបន្តវេនប្រកបដោយសក្តានុពលសម្រាប់ប្រទេសជាតិនាថ្ងៃអនាគត។សម្ភារសិក្សាចែកជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូចំនួន១២៣នាក់ ដែលមាន សៀវភៅ ប៊ិច ខ្មៅដៃ ទឹកលុប បន្ទាត់ នំ ទឹកសុទ្ធ ម៉ាស និងថវិការមួយចំនួនផងដែរ៕