ខេត្តរតនគិរី៖

ព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរប្រមាណជាង២មុឺននាក់ បានមកលេងកម្សាន្ត ក្នុងខេត្តរតនគិរី ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ។ លោក ងែ៉ត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគីរីបានឱ្យដឹងនៅល្ងាចថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១នេះថារយៈពេល៣ថ្ងៃ (១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១) ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តរតនគិរី មានចំនួន២៤,៥៩៦នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២៤,៥៣៥នាក់។ ហើយចំនួននេះមានការកើនឡើង២៥២.៥៣% ក្នុងនោះភ្ញៀវជាតិមានការកើនឡើង២៥៣.២៨%។ភ្ញៀវអន្តរជាតិមានចំនួនតែ៦១នាក់ កើនឡើង៩០.៦៣%។ឆ្នាំ២០២០មានភ្ញៀវទេសចរសរុបចំនួន៦,៩៧៧នាក់តែប៉ុណ្ណោះ។


លោកង៉ែតបន្តថាមានកត្តា៤យ៉ាង ដែលចំនួនភ្ញៀវមានការកើនឡើងគឺ៖

ទី១. បណ្តាលមកពីប្រទេសកម្ពុជា បើកដំណើរការអោយភ្ញៀវទេសចរធ្វើដំណើរចល័តបានពីកន្លែងមួយ ទៅកន្លែងមួយផ្សេងទៀតក្នុងប្រទេស។

ទី២. ផ្ទៃមេឃស្រលះល្អ បង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ធ្វើដំណើរកំសាន្ត ទៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ។

ទី៣. សន្តិសុខ និងសុវត្ថិភាព មានភាពល្អប្រសើរ។

ទី៤.ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្ត ទៅតាមតំបន់រមណីយដ្ឋាន មានលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ។និងជាពិសេសក្រោមការដឹកនាំ និងរៀបចំដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់ និងបំពាក់អំពូលLED តាមដងផ្លូវ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ក៏ដូចជាភ្ញៀវទេសចរដែលបានមកលេងទស្សនាកំសាន្តនូវទិដ្ឋភាពក្រុងបានលុងនាពេលរាត្រីជាដើងផង។



ហើយនៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យតាមវត្តអារ៉ាមនានាក្នុងខេត្តក៏បានរៀបចំពិធីអកអំបុក សំពះព្រះខែ និងមានការបង្ហោះគោមជាដើម ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនិងមានការបណ្ដែតប្រទីប នៅបឹងកន្សែង ក្នុងក្រុងបានលុងផងដែរ។ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបន្ថែមថារយៈពេល៣ថ្ងៃនេះមន្ទីរ បានរៀបចំសេវាកម្មសំខាន់ៗដូចជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន សំរាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងល្អប្រសើរ និងបានសហការជាមួយកងកំលាំងប្រដាប់អាវុធ បានរៀបចំការពារសន្តិសុខ សុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ហើយភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងខេត្តបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលរួមគ្នាថែរក្សាអនាម័យ សំអាតបរិស្ថាន បានល្អជាប់ជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជំងឺកូវីដ-១៩ បើទោះបីជំងឺដ៏កាចសាហាវនេះមានការថមថយក្នុងប្រទេសយ៉ាងណាក៏ដោយ៕