ខេត្តប៉ៃលិន ៖ 

លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន ក្រោប្រធានបទ "រួមគ្នា ដើម្បីមេត្រីភាពបរិស្ថាន" ជូនដល់ប្រតិបត្តិករជានីតិបុគ្គល និងរូបវន្តបុគ្គលឆ្នើមសរុបចំនួន២៣០រូប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅឆ្នាំ២០២១នេះ ប្រតិបត្តិករមេត្រីភាពបរិស្ថានឆ្នើម សរុបចំនួន២៣០នាក់ ដែលទទួលបានប័ណ្ណសរសើរមេត្រីភាពបរិស្ថាន គឺមកពីចម្រុះវិស័យ រួមមានជាអាទិ៍ ៖ ទី១. នីតិបុគ្គល ដូចជាក្រុមហ៊ុនផលិតភេសជ្ជៈ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ផលិតកម្ម រមណីយដ្ឋាន ភោជនីយដ្ឋាន ឬគ្រឹះស្ថានសាធារណៈផ្សេងៗ ជាដើម និងទី២. រូបវន្តបុគ្គល៖ដូចជាអ្នកថតរូបសិល្បៈករ តន្រ្តីករ ផលិតករ ឬបុគ្គលសាធារណៈផ្សេងៗ ទៀត។



ប្រភពបន្តថា ខណ:ពេលកំពុងប្រគល់ប័ណ្ណសរសើរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងនូវសកម្មភាពទាំងអស់នេះ បន្តទៀត ដើម្បីរក្សាការពារបរិស្ថានឱ្យកាន់តែប្រសើរ ឡើង។ តែក៏បន្តមានការប្រុងប្រយ័ត្នខ្ពស់ និងសូមអនុវត្ត ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីការឆ្លងកូវីដ១៩ ទាំងអស់គ្នា ៕