ខេត្តប៉ៃលិន ៖ 

បើកបរម៉ូតូឆ្លងផ្លូវក្នុងល្បឿនលឿនមិនប្រយ័ត្ន បណ្តាលឱ្យបុករថយន្តពេញទំហឹង តែសំណាងល្អ បុរសម្នាក់រងរបួសធ្ងន់ និងខូចខាតម៉ូតូ០១គ្រឿង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥៥នាទីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកជា៤ នៅមុខផ្ទះសំណាក់គ្រូបង្រៀន ស្ថិតក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនបើកបរម៉ូតូបង្កមាន ឈ្មោះ រដ្ឋា វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង រងរបួសធ្ងន់ ដោយបើកបរម៉ូតូម៉ាកHonda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ សៀមរាប 1W-4793 រងការខូចខាតស្រាល ។ ប្រភពដដែលបន្តទៀតថា ជនបង្កបានបើកបរម៉ូតូក្នុងទិសដៅពីលិចនៅកើត ដោយល្បឿនលឿន លុះមិនមើលឆ្វេងស្តាំនៅត្រង់ចំណុចផ្លូវបែកជា៤ ក៏ជ្រុលទៅបុករថយន្តពេញទំហឹង ខណ:ម្ចាស់រថយន្តបើកបរទិសដៅពីជើងទៅត្បូង ធ្វើឲ្យអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវសន្លប់តែម្តង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានធ្វើការវាស់វែង រួចក៏ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន យកទៅព្យាបាល។




ចំណែកអ្នកបើករបររថយន្តមាន ឈ្មោះ ស៊ីម រើ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបើកបររថយន្តម៉ាក Mazda ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0183 គ្មានការខូចខាត ។មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ មកពីកត្តាមនុស្ស បើកបរក្នុងល្បឿនលឿន ករណីខាងលើវត្ថុតាំងសម្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយ ៕