ខេត្តប៉ៃលិន ៖ 

ទោះបីជាផ្លូវធ្វើដំណើរឆ្ពោះទៅទឹកជ្រោះមួយកន្លែង ហៅក្បាលជ្រោះអូរតាអែម មានចំងាយប្រមានជាង១០គីឡូម៉ែត្រ ចេញពីក្រុងប៉ៃលិន ទៅភាគខាងត្បូង ស្ថិតនៅក្នុងភូមិបរហ៊ុយ ត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានការលំបាកខ្លាំងបន្តិច ខណ:ភ្ញៀវទេសចរ មិនអាចបើកបររថយន្តចូលទៅដល់នោះឡើយ គឺគេអាចត្រឹមតែជិះម៉ូតូម្នាក់១គ្រឿងប៉ុណ្ណោះ ព្រោះអាជ្ញាធរខេត្ត មិនទាន់រកបានក្រុមហ៊ុនឯកជនណាមួយ ក្នុងការអភិវឌ្ឍផ្លូវចូលទៅត្រង់កន្លែងទឹកជ្រោះខាងលើ។ តែលោកអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តប៉ៃលិន បានអះអាងថា ជាទឹកជ្រោះដែលជាប់ពាក់ព័ន្ធទៅនឹងបទចម្រៀងរបស់លោកអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុន ច្រៀងបទ «យីហ៊ុបប៉ៃលិន» ។ 



បើតាមការរៀបរាប់របស់លោក អ៊ី លីឈុន អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ ពេលមើលទៅរូបភាព ទេសភាព ដែលលោកបានដឹកនាំក្រុមការងារចុះទៅស្រាវជ្រាវថតយកនោះ គឺសង្កេតឃើញថា ទឹកជ្រោះអូរតាអែម ដែលលោកអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត បានច្រៀងកាលពីសម័យដើម ។ លោកបន្តទៀតថា ដោយលើកយកឃ្លាខ្លះៗ នៃបទចម្រៀង «យីហ៊ុបប៉ៃលិន» ធៀបទៅនឹងធម្មជាតិខាងលើ គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលបទចម្រៀងនោះ មានអត្ថន័យថា «ជ្រៃដុះមាត់ជ្រោះ ឬសវែងអន្លាយ ដូចសក់ត្រសាយក្រាលគ្របលើស្មា ក្បាច់ក្បូរធម្មជាតិផ្នត់ថ្នាក់ថ្មដា ជ្រោះបរយីខា (បរយ៉ាខា) ចារឿងស្នេហ៍ថ្មី។ ឱផ្កាយីហ៊ុបព្រលប់មានក្លិន ខេត្តបរប៉ៃលិន ឃុននារីថ្មី បងជាចៅចិត្ររែងត្បូងលាងដី...» ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទឹកជ្រោះហូរ ថ្លាយង់ ហូរយ៉ាងត្របាញ់ ត្រជាក់ស្រេប ដែលហូរឥតដាច់ លាន់ឮសូរដូចជាដូរតន្រ្តីប្រគុំលេងយ៉ាងពិរោះ អមទៅដោយឬសជ្រៃដុះយ៉ាងវែងអន្លាយ ស្រស់ត្រកាល គឺអាចដើរឡើងតាមឬសជ្រៃទៅថ្នាក់ខាងលើ ខណ:ទឹកជ្រោះនេះមានចំនួន៤ថ្នាក់ គឺគេមិនតោងឬសជ្រៃគឺមិនអាចដើរឡើងទៅថ្នាក់ ខាងលើបានឡើយ។ លើសពីនេះ មានសម្លេងសត្វចាប និងសត្វតាវ៉ៅ ស្រែកយំត្រសង រំពងពេញព្រៃ ធ្វើឱ្យលោកនឹកឃើញនូវរឿងអតីតកាល ដ៏កំសត់របស់ខ្លួន ថែមទាំងផ្តល់កម្លាំងកាយចិត្តឱ្យខិតខំប្រឹងប្រែងតស៊ូ ដើម្បីអនាគតផងដែរ ។ 



លោកបញ្ជាក់ទៀតថា នៅថ្ងៃខាងមុខនេះ បើសិនជាមានការអភិវឌ្ឍផ្លូវទៅដល់ត្រង់កន្លែងទឹកជ្រោះដ៏ថ្មីសន្លាង នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យនាំគ្នាទៅលេងយ៉ាងច្រើនកុះករ បង្កនូវភាពសប្បាយរីករាយ បំបាត់នូវក្តីកង្វល់ និងធ្វើឱ្យមានថាមពល ក្នុងការប្រកបការងារនាថ្ងៃខាងមុខបន្ថែមទៀត ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:របស់លោកខិតខំធ្វើការស្រាវជ្រាវ ដើម្បីរាយការណ៍ទៅខាងខេត្ត ឱ្យចុះរៀបចំកាន់តែលឿន៕