ខេត្តប៉ៃលិន ៖ 

ក្រុមចោរប្រើល្បិចថ្មី ដោយយកសាលាខេត្តប៉ៃលិន ធ្វើជាខ្នងបង្អែក ដើម្បីបោកប្រាសបុរសពោះម៉ាយម្នាក់ ដោយបានទាក់ទងតាមទូរស័ព្ទឱ្យគាត់ដឹកកៅអីចំនួន១៥០គ្រឿង ទៅក្នុងសាលាខេត្ត។ ក្រោយមកជនសង្ស័យជួលរថយន្តផ្សេងឱ្យដឹកយកទៅខេត្តកំពង់ចាម រួចយកកៅអីគេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយពេលកើតហេតុ ជនរងគ្រោះមានការសោកស្តាយខ្លាំងពន់ពេក ក៏រត់ទៅដាក់ពាក្យបណ្តឹងទៅស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីឱ្យជួយអន្តរាគមន៍ តែមកដល់ពេលនេះមិនទាន់ទទួលពន្លឺនៅឡើយទេ។ 



បើតាមបុរសម្នាក់ ឈ្មោះ កោះ រិទ្ធី អាយុ៤៤ឆ្នាំ រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ទាំងបង្ហូរទឹកភ្នែក ឱ្យដឹងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ៖ លោកបានប្រកបមុខរបរធ្វើចុងភៅម្ហូបការ ដើម្បីចិញ្ចឹមជីវិត អស់រយ:ពេល៧ឆ្នាំមកហើយ ដោយទិញសម្ភារ:រោងការ តុ កៅអី អស់ថវិកាជាច្រើន។ ក្រោយពីកើតមានបញ្ហាជំងឺកូវីដ១៩ ក៏ផ្អាកអស់រយ:ពេលជាយូរ ជាអកុសលម្តាយក៏ស្លាប់ ក្រោយមកប្រពន្ធឈឺក៏ស្លាប់បន្តបន្ទា ប់ទៀត ធ្វើឱ្យមានារឈឺចាប់យ៉ាងខ្លាំង។ លោកបន្តទៀតថា ក្រោយពីម្តាយ និងប្រពន្ធស្លាប់មិនទាន់បាន ១ខែផង ហើយស្របពេលរដ្ឋាភិបាលបើកឱ្យដំណើរការឡើងវិញ រហូតដល់រសៀលថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ មានលេខទូរស័ព្ទមួយខ្សែ បានទាក់ទងទៅលោកសុំជួលកៅអីចំនួន១៥០គ្រឿង ដោយប្រាប់ថា ជាមន្រ្តីសាលាខេត្តប៉ៃលិន គឺថ្នាក់ដឹកនាំខេត្តឱ្យជួលយកប្រជុំរយ:ពេល១ព្រឹក លោកគិតថា គិតតម្លៃ២៥ម៉ឺនរៀល ហើយក៏ព្រមព្រៀងគ្នា។ ពេលដឹកកៅអីទៅដល់មុខសាលាខេត្តភ្លាម ខាងលោកក៏សុំជួបអ្នកដែលទាក់ទងនោះផ្ទាល់ តែគេប្រាប់ថា ជាប់រវល់នៅក្រៅខេត្ត ហើយប្រាប់ឱ្យជួបនឹងនគរបាល ដែលយាមនៅមុខសាលាខេត្តនោះ។ ភ្លាមៗ គេរកកន្លែងឱ្យទម្លាក់កៅអីនៅក្នុងសាលាខេត្ត ត្រង់អគារដែលទើបនឹងសាងសង់ថ្មី។  ពេលរួចរាល់ ក៏សុំនគរបាល ដែលយាមកាមនៅមុខសាលាខេត្ត ត្រឡប់ទៅផ្ទះវិញ។ រហូតដល់រសៀលថ្ងៃទី១២ ខែវិច្ឆិកា ស្រាប់តែទាក់ទងទៅម្ចាស់លេខទូរស័ព្ទខាងលើ អត់ចូល លុះមិនអស់ចិត្ត ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ក៏ប្រើឱ្យកូនទៅរកមើលនៅសាលាខេត្ត ស្រា ប់តែអត់ឃើញ លុះសួរនាំនគរបាលដែលយាមទីនោះ គេថា យកទៅសាលាក្រុងប៉ៃលិន ព្រោះដាក់ច្រ ឡំកន្លែង។ លុះពេលទៅដល់សាលាក្រុង ខាងមន្រ្តីនៅទីនោះ ប្រាប់ថា អត់ដឹងរឿងទេ ទើបសួរនាំទៅមានគេប្រាប់ថា ក្រុមបោកប្រាសទាំងនោះ បានជួលអ្នកស៊ីឈ្នួលបើកបររថយន្តម្នាក់ ឈ្មោះ សួត រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ឱ្យដឹកកៅអីទាំងនោះយកទៅ ខេត្តកំពង់ចាមបាត់ស្រមោលតែម្តង។ 




លោកនិយាយទាំងអួលដើមក.បន្ថែមទៀតថា ៖ លោកមិនអស់ចិត្តឡើយ ដោយក្រុមចោរទាំង នោះ ហ៊ានយកសាលាខេត្តប៉ៃលិនធ្វើជាខែល បោកលោកអស់ប្រាក់ចំនួន៤៥០០ដុល្លារ ខណ:លោកទិញកៅអី កាលពីឆ្នាំមុន ក្នុង១គ្រឿង តម្លៃ៣០ដុល្លារ ។ លោកក៏បានដាក់ពាក្យបណ្តឹងទៅស្នងការនគរបាលខេត្ត និងអធិការនគរបាលខេត្ត រួចរាល់អស់ហើយ តែរហូតមកដល់ពេលនេះមិនទាន់ដឹងយ៉ាងណានោះទេ ហើយលោកសង្ឃឹមថា នឹងមានពន្លឺខ្លះៗ។ លោកក៏មានសំណូមពរឱ្យខាងសមត្ថកិច្ចនគរបាលខេត្តប៉ៃលិន ជួយអន្តរាគមន៍ ព្រមទាំងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជួយដោះស្រាយជូនលោកផងដែរ ព្រោះលោកគ្មានអ្វីទីពឹងក្រៅពីមុខរបរមួយនេះទេ៕