ខេត្តប៉ៃលិន ៖ 

ក្រោយងើបពីដំណេក ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសអនាថាម្នាក់ ដេកស្លាប់ផ្ងារពោះនៅក្បែរពាងទឹកមុខផ្ទះរបស់ខ្លួនទាំងព្រឹកព្រលឹម ដោយមានការសង្ស័យថា ជាករណីកើតជំងឺខ្យល់គ. ឬគាំងបេះដូង ខណ:ជនរងគ្រោះ អត់មានបងប្អូន និងញាតិសណ្តានក្នុងភូមិនោះឡើយ។ តែជាញឹកញយគេសង្កេតឃើញរូបគេដើរផឹកស្រានៅតាមតូបអ្នកភូមិ រួចក៏ទៅស្នាក់នៅក្នុងទីវត្តអារាមជាញឹកញាយ លុះព្រឹកឡើងក៏ឃើញ បង្កឱ្យមានការភ្ញាក់ផ្អើល ប្តឹងអាជ្ញាធរមូលដ្ឋានចុះពិនិត្យតែម្តង។ ហេតុការណ៍ប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់នៅក្បែរផ្ទះអ្នកភូមិនេះ បានកើតឡើងនៅវេលាម៉ោង០៦ និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន។






ប្រភពព័ត៌មានពីអ្នកស្រី ឌី សាវឿន មេភូមិដូង បានឱ្យដឹងថា ៖ សពជនរងគ្រោះ មាន ឈ្មោះ ថា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ជាជនអនាថា)។ មុនពេលកើតហេតុគេតែងឃើញបុរសខាងលើដើរចុះឡើងៗ ទិញស្រា អង្គុយផឹកម្នាក់ឯងនៅតាមតូបអ្នកភូមិ លុះសួរនាំជនរងគ្រោះបានប្រាប់ថា គេគ្មានបងប្អូនសាច់ញាតិនោះទេ ទោះបីជាមានក៏អត់មានអ្នកណារាប់អានដែរ ហើយគេក៏មិនប្រាប់ពីស្រុកកំណើតនោះឡើយ។ លោកស្រីបន្តទៀតថា ស្រាប់តែនៅវេលាម៉ោង៦ព្រឹក ថ្ងៃកើតហេតុ ពេលម្ចាស់ផ្ទះ ភ្ញាក់ពីដេក ប្រឡេកមើលទៅឃើញជនរងគ្រោះដេកផ្ងារពោះស្លាប់បាត់ទៅហើយ ក៏រាយការណ៍ជូនលោកស្រី និងសមត្ថកិច្ចឱ្យចុះទៅពិនិត្យតែម្តង។ លោកស្រីបញ្ជាក់ទៀតថា ក្រោយពេលធ្វើកោសល្យវិច្ច័យរួច នគរបាលបញ្ជាក់ថា ជាករណីខ្យល់គ. ឬគាំងបេះដូង ហើយដោយគ្មានសាច់ញាតិយកទៅធ្វើបុណ្យ ទើបលោកស្រី បានសហការជាមួយមេឃុំស្ទឹងកាច់ រៃអង្គាសថវិកាយកទៅទិញធ្យូង និងហៅរថយន្តមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកទៅបូជានៅបច្ចាមួយកន្លែង ក្នុងវត្តរតនសោភ័ណ ហៅវត្តកោងកាង ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន ខេត្តប៉ៃលិន។ ដូច្នេះ បើសិនជាប្រជាពលរដ្ឋណា បាត់សាច់ញាតិ ដែលមានឈ្មោះឬភិនភាគដូចខាងលើ អាចទាក់ទងទៅខាងតាជីក្នុងវត្តរតនសោភ័ណនៅវត្តកោងកាង ដើម្បីយកធាតុទៅបញ្ចុះ ឬធ្វើបុណ្យតាមប្រពៃណី ៕