(ប៉ៃលិន) ៖ 

ប្រជាកសិករជាច្រើនគ្រួសាររស់នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានត្អូញត្អែរពីតម្លៃស្រូវឆ្នាំ២០២១នេះធ្លាក់ថ្លៃនារដូវប្រមូលផល ខណៈដែលជី និងសម្ភារកសិកម្មឡើងថ្លៃ ប្រឈមនឹងមិនមានប្រាក់ចំណេញ ។ ប្រជាកសិករររស់នៅក្នុងភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននៅរសៀលថ្ងៃ២៨ ខែវិច្ឆិកា នេះ បានត្អូញត្អែរអោយដឹងដូចៗ គ្នាថា ៖ តម្លៃស្រូវប្រភេទផ្ការំដួលឆ្នាំនេះបានធ្លាក់ថ្លៃជាបន្តបន្ទាប់រហូតជាងជិត២ពាន់រៀល នៅរដូវប្រមូលផល ធ្វើអោយពួកគាត់ប្រឈមការខាតបង់ និងមិនមានប្រាក់ចំណេញ ខណៈដែលជីនិងសម្ភារកសិកម្ម ព្រមទាំងប្រេងសាំងម៉ាស៊ូត ហក់ឡើងថ្លៃកប់ពពក។









លោកពូម្នាក់ឈ្មោះ លុន អាយុ៦០ឆ្នាំ ជាប្រជាកសិកររស់នៅភូមិឃុំខាងលើបានបញ្ជាក់ថា គាត់ធ្វើស្រែចំនួនពីរហិកតាបានផលជិត១០តោនដែរ ជាប្រភេទស្រូវផ្ការំដួល។ តែនៅរដូវប្រមូលផលឆ្នាំ២០២១ ប្រភេទស្រូវលេខ១នេះ លក់បានក្នុងតម្លៃត្រឹមតែ០១គីឡូបានត្រឹមតែ៦០០ទៅ៧០០រៀល បើធៀបទៅនឹងរដូវប្រមូលផលដូចគ្នាទៅនឹងឆ្នាំមុន គឺធ្លាក់ថ្លៃខ្លាំង ដែលទូទាត់ថ្លៃជី ថ្លៃម៉ាស៊ីនច្រូតនិងថ្លៃប្រេងរួច សឹងតែមិនចង់មានប្រាក់ចំណេញនោះឡើយ ។ ជាមួយគ្នានេះពួកគាត់សំណូមពរទៅដល់មន្ត្រីជំនាញ ជាពិសេសថ្នាក់ដឹកនាំអោយជួយរកទីផ្សារជូនពួកគាត់ធ្វើយ៉ាងម៉េចអោយបានក្នុងតម្លៃចាប់ពី ៨០ ទៅ ៩០ម៉ឺនរៀលឡើង ទើបសមរម្យ ដែលទូទាត់រួចអាចសល់ប្រាក់ចំណេញខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ។




លោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅបានឱ្យដឹងថា ៖ រដ្ឋបាលស្រុក ក៍ដូចជារដ្ឋបាលខេត្តកំពុងរកវិធីដោះស្រាយ ដោយឱ្យពួកគាត់ដឹកជញ្ជូនយកទៅសម្ងួតនៅរោងម៉ាស៊ីនកិនស្រូវសិន រួចលក់នៅទីនោះតែម្តង ដោយ១គីឡូក្រាមឈ្មួញម្ចាស់ម៉ាស៊ីនទិញតម្លៃ៦០០រៀល៕