ខេត្តប៉ៃលិន ៖ 

កសិករ ដែលនិយមដាំ ដំណាំស្វាយកែវរមៀត បាននាំគ្នានិយាយត្អូញត្អែរ ខណ: តម្លៃទីផ្សារផ្លែស្វាយកែវរមៀត នៅចុងរដូវឆ្នាំ២០២១នេះ កំពុងតែមានការធ្លាក់ចុះយ៉ាងគំហុក គួរឱ្យកត់សម្គាល់ ធ្វើឱ្យពួកគាត់ម្នាក់ៗ លែងចង់ថែទាំ ហើយព្រួយបារម្ភពីការខាតបង់ដើមទុន និងខាតថ្លៃដាក់អកម៉ូនបញ្ចេញផ្លែ ព្រមទាំងចំណាយថែទាំដើមស្វាយទាំងនោះ អស់រាប់ម៉ឺនដុល្លារ។ជាក់ស្តែងមានបុរសម្នាក់ ឈ្មោះ ទី អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានដាំស្វាយកែវរមៀតចំនួន១០០០ដើម នៅលើដីចំការរបស់ខ្លួន ដោយចាប់ផ្តើមប្រមូល ផលលក់ឱ្យឈ្មួញ នាំគ្នាបេះដឹកយកទៅលក់បន្តនៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ។ លោកបន្តទៀតថា នៅពេលនេះ ផ្លែស្វាយកែវរមៀត១គីឡូក្រាម ឈ្មួញទិញត្រឹមតែ២០០រៀលប៉ុណ្ណោះ ដែលធ្លាក់ចុះជាងកាលពីដើមឆ្នាំ២០២១ គឺផ្លែស្វាយកែវរមៀត១គីឡូក្រាមតម្លៃ ឈ្មួញទិញ ៥០០ទៅ៦០០រៀលដែរ ។ 



លោកបញ្ជាក់ទៀតថា បើសិនជាផ្លែស្វាយមានហាងឆេងឡើងខ្ពស់ គឺទិញ១គីឡូក្រាម តម្លៃត្រឹម តែ១០០០ ទៅ១៥០០រៀល អាចឱ្យគាត់លក់បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព ។ តែបើផ្លែស្វាយធ្លាក់ចុះខ្លាំងបែបនេះ ម្នាក់ៗ មិនអាចទប់ទល់នឹងការចំណាយបានឡើយ ។ចំណែកឈ្មួញម្នាក់ ឈ្មោះ ទូ ភេទប្រុស អាយុ៣៥ឆ្នាំ បានឱ្យដឹងដែរថា ៖ ផ្លែស្វាយល្អដែលមានទំងន់៣ផ្លែ ទំងន់១គីឡូក្រាម ឈ្មួញថៃហ៊ានទិញ ១គីឡូក្រាម តម្លៃ៤ទៅ៥បាត (ប្រាក់ថៃ) ដែរ ។ តែបើផ្លែស្វាយប្រឡាក់ជ័រ ឬមានបែក ប្រេះស្រាំ គឺគេមិនទិញនោះទេ ទើបក្រោយពីឈ្មួញថៃជ្រើសរើសទិញ ផ្លែស្វាយល្អអស់ហើយ ពួកគាត់ ក៏ដឹកយកមកចាក់ចោលនៅខាងទឹកដីខ្មែរវិញ ។ គាត់ក៏សំណូមពរឱ្យខាងអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងកសិកម្ម ជួយរកទីផ្សារផ្លែស្វាយកែវរមៀត បានឡើងថ្លៃខ្ពស់ជាងនេះ ដើម្បីឱ្យជីវភាពកសិកររស់នៅក្នុងខេត្តប៉ៃលិន និងទូទាំងប្រទេសធូរធាផងដែរ។ ម្យ៉ាងវិញទៀត កសិករជាច្រើន ដែលនាំគ្នាដាំ ដំណាំស្វាយកែវរមៀត មានការខាតបង់ ដើមទុនអស់ច្រើន ស្ទើរតែនាំគ្នារត់ចោលស្រុកទៅរកស៊ីធ្វើការងារនៅប្រទេសថៃ ដើម្បីបានថវិកាសងបំណុលគេ ។ 




សូមបញ្ជាក់ថា ៖ កសិករជាច្រើនរស់នៅក្នុងប៉ៃលិន មានការខាតបង់ខ្លាំង ខណ:តម្លៃទីផ្សារផ្លែ ស្វាយធ្លាក់ចុះតាំងពីដើមឆ្នាំ២០២១ ដោយអ្នកខ្លះ ខាតអស់៥០០០០ដុល្លារ ខ្លះ១០០០០០ដុល្លារ ក៏ផ្អាកក្នុងការបញ្ចេញផ្លែ ហើយងាកបែរទៅដាំពោតក្រហម និងដំឡូងមី ដើម្បីលក់យកថវិកាផ្គត់ផ្គង់ជីវ ភាពប្រចាំថ្ងៃ៕