ខេត្តប៉ៃលិន ៖ 

ដើម្បីចូលរួមកែលំអ ច្រកទ្វារអន្តរជាតិព្រំឱ្យកាន់តែមានភាពទាក់ទាញ និងជៀសវាងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើងជាញឹកញាប់ រហូតមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ខាងរដ្ឋបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះរៀបចំធ្វើរបាំងពុះចែកទ្រូងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើសួនដាំផ្កា ដាក់ភ្លើងអគ្គិសនីសងខាងផ្លូវ និងរៀបចំកែល្អផ្លូវខាងលើឱ្យកាន់តែមានសោ ភ័ណភាពស្រស់ស្អាតថែមទៀត។



បើតាមប្រភពព័ត៌មានពីមន្រ្តីសារធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានប្រាប់ភ្នាក់ងារយើងឱ្យដឹងថា ៖ អស់រយ:ពេលជាង១០ថ្ងៃមកហើយ ដែលក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះរៀបចំធ្វើរបាំងពុះចែកទ្រូងផ្លូវ មានប្រវែងប្រមាណ៨០០ម៉ែត្រ គិតចាប់តាំងពីច្រកទ្វារព្រំដែន ឆ្ពោះទៅទិសខាងកើត រហូតដល់ផ្សារព្រំ។ ប្រភពបន្តទៀតថា ការធ្វើរបាំងពុះចែកទ្រូងផ្លូវនេះ គឺដើម្បីធ្វើសួនផ្កា កែលម្អផ្លូវនេះ ឱ្យកាន់តែស្រស់ស្អាត ហើយក៏អាចជៀសវាងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើងជាញឹកញយផងដែរ។ ប្រភពដដែលបន្ថែមទៀតថា មិនត្រឹមតែរៀបចំរបាំងពុះចែកទ្រូងផ្លូវ ខាងខេត្តក៏បានឱ្យ ក្រុមការងារក៏បានរៀបចំដាក់ភ្លើងហ្វាបំភ្លឺតាមសងខាងដងផ្លូវ នាពេលយប់ ដែលអាចនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅលេងព្រំដែនកាន់តែច្រើនកុះករ។ 





ចំណែកអាជីវករ ដែលលក់ដូរនៅក្បែរច្រកទ្វារអន្តរជាតិព្រំ ក៏បានឱ្យដឹងដែរថា ៖ រហូតមកដល់ ពេលនេះ ចាប់តាំងពីមានភាពស្ងប់ស្ងាត់នូវបញ្ហាជំងឺកូវីដ ១៩ ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្បែរកន្លែងច្រកទ្វារនេះ មានការកាក់កបជាងមុនបន្តិច មិនសូវស្ងាត់នោះទេ ព្រោះសម្បូរភ្ញៀវទេសចរជាតិ ចេញចូលជារៀងរាល់ថ្ងៃ ពោលគឺមកពីតាមបណ្តាខេត្តនានា លើកលែងតែជនបរទេសដែលឆ្លងដែនមកពីប្រទេសថៃ គឺគេមិនទាន់អនុញ្ញាតឱ្យចេញចូលមកក្នុងខេត្តប៉ៃលិនបាននៅឡើយទេ មានតែរថយន្តដឹកទំនិញតូចធំអាចបើកបរចេញចូលតាមធម្មតា៕