ខេត្តប៉ៃលិន ៖ ក្រោយពីស្ងប់ស្ងាត់ករណីជំងឺកូវីដ ១៩ រហូតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នេះ គេសង្កេតឃើញកសិករ១គ្រួសារ ដែលប្រកបរបរដាំ ដំណាំចេកពងមាន់ នៅលើដីចំការជួលគេមួយកន្លែង ក្បែរស្ទឹងកុយ ស្ថិតនៅក្នុងភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រមូលផលជាបណ្តើរៗ គឺទទួលបានផល ជាង១០តោនហើយ ដោយគាត់ធ្វើការខ្ចប់ផ្លែតាំងពីក្តិប លុះពេលផ្លែចេកធំ ក៏នាំគ្នាកាត់លក់ឱ្យឈ្មួញដឹកយកទៅលក់ដូរនៅប្រទេសថៃ និងប្រទេសចិនផងដែរ។
បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ គង់ កុល ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ គាត់បាននាំកូនចៅ ទៅជួលដីចំការមួយកន្លែងក្បែរមាត់ស្ទឹងកុយ ចំនួន៧ហិកតា ដោយកុងត្រាក្នុងរយ:ពេល៥ឆ្នាំម្តង។ គាត់ទើបតែចាប់ផ្តើមដាំចេកប្រភេទនេះ បានប្រហែល៦ខែប៉ុណ្ណោះ ហើយក៏ចាប់ផ្តើមប្រមូលផលបានរយ:ពេលជាង២ខែកន្លងមកហើយ ដោយលក់ឱ្យឈ្មួញក្នុង១គីឡូក្រាម តម្លៃ១៥ទៅ២០បាត (ប្រាក់ថៃ) ប្រហែល២០០០រៀល ពោលគឺតម្លៃមានការប្រែប្រួល ដោយគេនាំឆ្លងដែនទៅលក់បន្តនៅបរទេស។ គាត់បន្តទៀតថា ការចាប់ផ្តើមដាំ ដំណាំចេក ពងមាន់នេះ ដោយសារតែមានកូនចៅរបស់គាត់មួយចំនួន ធ្លាប់ទៅធ្វើការផ្នែកកសិកម្មដាំចេកនៅក្នុងប្រទេសថៃ អស់រយ:ពេលជាង១០ឆ្នាំ ក៏ចេះពីរបៀបដាំដុះ និងថែទាំ ទើបពេលត្រឡប់មកស្រុកខ្មែរវិញ បែកគំនិតក៏នាំគ្នាជួលដីគេដាំចេកពងមាន់នេះតែម្តង។
ចំពោះការប្រមូលផល គាត់មិនបានជួលកម្មករនោះទេ គឺគាត់នាំប្រពន្ធកូនចៅរបស់ខ្លួនធ្វើផ្ទាល់ ដៃ គឺពួកគាត់កាត់ផ្លែចេកនៅក្នុងចំការ លក់ឱ្យឈ្មួញ ចន្លោះពី១.៥តោន ទៅ២តោន ក្នុង១សប្តាហ៍ សរុបទៅបានប្រហែលជាង១០តោន ក៏បន្តប្រមូល១សប្តាហ៍ម្តង។ គាត់បន្តទៀតថា ការចាប់អាជីពដាំដំណាំចេកពងមាន់នេះ ដោយចាប់ផ្តើមទិញកូនចេកពីអ្នកភូមិរស់នៅក្បែរគ្នា ហើយក៏ដាំបន្តិចម្តងៗ រហូ តដល់បានច្រើន ក៏បំបែកដាំកន្លែងផ្សេងៗទៀត ចន្លោះពីមួយគុម្ពទៅមួយគុម្ពប្រវែង៣ម៉ែត្របួនជ្រុង គាត់ក៏បូមទឹកស្រោចក្នុងរយ:ពេល៣ថ្ងៃម្តង។ គាត់បញ្ជាក់ទៀតថា រហូតមកដល់បច្ចុប្បន្ននេះ គាត់បានទិញថង់ពណ៌ស សម្រាប់ស្រោបផ្លែចេក ពីប្រទេសថៃ ដើម្បីខ្ចប់ផ្លែតាំងពីពេលផ្លែចេកនៅតូចៗ រហូតដល់រយ:ពេល២១ថ្ងៃ ទើបអាចកាត់លក់ឱ្យឈ្មួញ។ ចំពោះទីផ្សារនៅខ្មែរ គាត់អាចលក់ឱ្យឈ្មួញដឹកយកទៅលក់បន្តនៅខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប រហូតដល់រាជធានីភ្នំពេញ។ គាត់ក៏សូណូមពរឱ្យខាងមន្ទីរកសិកម្មខេត្តប៉ៃ លិន និងមន្ទីរពាណិជ្ជកម្ម ជួយរកទីផ្សារជូនប្រជាពលរដ្ឋ ដាំចេកពងមាន់នៅក្នុងខេត្តប៉ៃលិនផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានឱ្យដឹងថា ៖ កន្លងមកទីផ្សារចេកពងមាន់អត់មាននៅស្រុកខ្មែរយើងទេ មានតែនៅប្រទេសថៃប៉ុណ្ណោះ ហើយខាងលោកកំពុងតែទាក់ទងទៅខាងភាគីថៃ ឱ្យចូលមកទិញកសិផលផ្លែចេកនេះ និងកសិផលហូបផ្លែផ្សេងៗ នៅច្រកឡែម ក្នុងភូមិដូង ស្រុកកំរៀង ខេត្តបាត់ដំបង៕