ខេត្តប៉ៃលិន ៖
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តយីឌុបសណ្តោងរ៉ឺម៉កថៃ បានបើកកៀររថយន្តមន្ត្រីយោធាម្នាក់ ក្នុងទិសដៅស្របគ្នា ពីកើតទៅលិច បណ្តាលឱ្យរងការខូចខាត តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ នឹង២៩នាទី ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិរថគ្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីបង្កអ្នកបើកបរ មាន ឈ្មោះ ធី ឡាប់ភុន ភេទប្រុស អាយុ៣៣ឆ្នាំ (ជនជាតិ ថៃ) ដោយបានបេីកបរ រថយន្តម៉ាក izuzu ពណ៌សលាយក្រហមលឿង ពាក់ស្លាកលេខ ថៃ 7-0-1932 គ្មានការខូចខាត។ ចំណែកភាគីរងគ្រោះ អ្នកបើកបរ ឈ្មោះ មាស ហ៊ុយ ភភេទប្រុស អាយុ៧០ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបររថយន្តម៉ាក Tessan ពណ៍សំបកឪឡឹក ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 2-3964 រងការខូចខាតផ្នែកចំហៀងខាងស្តាំ ។ ទោះបីជាយ៉ាងណា ក្រោយពេលកើតហេតុ ត្រូវបានភាគីទាំងសងខាងសម្របសម្រួលបញ្ចប់រឿងនៅនឹងកន្លែងដោយភាគីខាងបើកបររថយន្តថៃព្រមធ្វើការចេញថ្លៃជួសជុលរថយន្តឱ្យជនរងគ្រោះ៕