ខេត្តប៉ៃលិន ៖
ទឹកជាតម្រូវការដ៏ចាំបាច់មួយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ព្រមទាំងសម្រាប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ហេតុនេះការផ្គត់ផ្គងទឹកស្អាតគឺជាកិច្ចការដ៏ចំបងមួយសំដៅបំពេញក្នុងសង្គម អោយស្របទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងស្ថិតនៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងទីក្រុង និងជនបទនោះ រាជរដ្ឋាភិបា លកម្ពុជា បានមានផែនការច្បាស់លាស់មួយក្នុងការអភិវឌ្ឍន៍វិស័យទឹកនេះឲឆ្លើយតបទៅនឹងកំណើនប្រជាជន ដែលចេះតែមានការកើនឡើងជាបន្តបន្ទាប់នេះ។
បើតាមលោក ចាន់ ថានី ម្ចាស់ក្រុមហ៊ុន ឃូ ម៉េងហួត ដែលមានស្ថានីយ៍ផ្គតផ្គង់ទឹកស្អាតបរហ៊ុយ ស្ថិតក្នុងភូមិបរហ៊ុយ ត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀនរាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៦.១២.២០២១នេះ ថា ៖ ស្ថានីយ៍នេះបានបង្កើតឡើងចាប់តាំងពី២០១៤ មក ដោយបានផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋទូទាំងស្រុកសាលាក្រៅ និងតំបន់មួយចំនួនទៀតក្នុងក្រុងប៉ៃលិន ។លោកបន្តទៀតថា ៖ តម្រូវការទឹកស្អាតក្នុងខេត្តប៉ៃលិន នាពេលបច្ចុប្បន្នគឺមានការកើនឡើងប្រមាណ៧០០០០ ម៉ែត្រគូប ក្នុងមួយខែ ក្នុងពេលដែលស្ថានីយ៍ទឹកស្អាតបរហ៊ុយ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានតែប្រមាណ៣០០០ ម៉ែត្រគូបក្នុងមួយខែតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ៖ កត្តានេះហើយស្ថានីយ៍ទឹកស្អាតបរហ៊ុយ ត្រូវខិតខំបន្ថែមទៀតក្នុងការពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋស្របពេលដែលប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនមានការកើនឡើងនោះ។
ចំណែកលោក គង់ ប៊ុណ្ណា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានឲដឹងថា ៖ ក្នុងប៉ៃលិន មានប្រជាជនប្រមាណ 17063គ្រួសារ និងមានមនុស្សរាយ 73543នាក់ ដែលបានទទួលសេវាកម្មទឹកស្អាត ពីស្ថានីយ៍ទឹកស្អាត ៣ក្រុមហ៊ុន ពោលក្រុមហ៊ុនស្ថានីយ៍ទឹកស្អាត ថូម៉ាស ដែលផ្គត់ផ្គត់ជូនប្រជាពលរដ្ឋទីប្រជុំជនក្រុងប៉ៃលិន មាន២៣ភូមិ ក្រុមហ៊ុន ឃូ ម៉េងហួត ស្ថានីយ៍ទឹកស្អាតបរហ៊ុយ ផ្គត់ផ្គង់ស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ២៨ភូមិ ក្រុមហ៊ុនលីជុង ចំណាន ផ្គត់ផ្គង់តំបន់ក្រចាប់មាន៧ភូមិ៕