ខេត្តប៉ៃលិន ៖ 

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន តែងតែនិយមចូលចិត្តម្ហូបឆាក្រវ៉ាញសាច់ជ្រូក ឬសាច់មាន់ សាច់ទា ជាដើម ដែលបន្លែប្រភេទនេះ មានរសជាតិឈ្ងុយប្រហើរ ស្រដៀងទៅនឹងក្លិនរំដេង ខណ:អ្នករស់នៅតាមបណ្តាខេត្តនានាមួយចំនួនមិនធ្លាប់ស្គាល់ ឬភ្លក្សរសជាតិបន្លែប្រភេទនេះទេ ព្រមទាំងអ្នករស់នៅក្នុងរាជធានីភ្នំពេញខ្លះៗផងដែរ។ តែបើសិន ជាភ្ញៀវទេសចរណ៍ ឬប្រជាពលរដ្ឋរស់នៅខេត្តផ្សេងៗ ចូលទៅលេងក្នុងខេត្តប៉ៃលិន កុំភ្លេចកុម្មង់ទិញម្ហូប ឆាក្រវ៉ាញ ព្រោះជាម្ហូបប្រចាំត្រ កូល ដែលពេញនិយមបំផុតសម្រាប់អ្នកខេត្តប៉ៃលិន។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានកសិករម្នាក់ ឈ្មោះ ហាន រស់នៅចំណុច ធុរ៉េន២ដើម ជាប់ព្រំដែនកម្ពុជាថៃ ក្នុងភូមិបរហ៊ុយត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានដាំបន្លែក្រវ៉ាញព្រៃប្រមាណ៤ហិកតា នៅលើដីចម្ការរបស់ខ្លួន លុះពេលប្រមូលផលម្តងៗ ម៉ូយដណ្តើមគ្នាទិញ ស្ទើរតែលក់មិនទាន់ផងដែរ។ 


បើតាមការរៀបរាប់ពីបុរស ឈ្មោះ ហាន អាយុប្រហែល៦០ឆ្នាំ រស់នៅក្នុងដីចម្ការខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ គាត់បានប្រកបរបរដាំបន្លែក្រវ៉ាញព្រៃនេះ អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ដោ យប្រមូលផលដកលក់ឱ្យម៉ូយនៅតាមផ្សាររយ:ពេល១ទៅ២អាទិត្យម្តង គឺក្នុង១ដើមតម្លៃ៩០០ទៅ១០០០រៀល តាមតូចឬធំ ជួនកាលគាត់កាត់ខ្នែងលក់ជាបាច់ ក្នុង១បាច់៤៥០០រៀល ហើយគាត់ក៏មានបណ្តុះកូនក្រវ៉ាញលក់ ក្នុង១ដើម តម្លៃ៤០០០រៀល បើអតិថិជនទិញច្រើន គាត់ក៏បញ្ចុះតម្លៃបន្តិច ទៀតដែរ។ គាត់បន្តទៀតថា បន្លែក្រវ៉ាញព្រៃនេះ មានដើមស្រដៀងទៅនឹងដើមរំដេង ឬដើមពន្លៃ។ ប៉ុន្តែគេមិនហូបមើមរបស់វាឡើយ គឺត្រូវការកាត់ខ្នែងយកទៅបកសំបកធ្វើម្ហូបអាហារ ដូចជា ឆាជាមួយសាច់ជ្រូក សាច់មាន់ សាច់ទា និងអាចស្ងោជាមួយ ត្រី និងសាច់ផ្សេងៗ ក៏បានដែរ។ បន្លែប្រភេទនេះ និយមដុះនៅតាមម្លប់ដើមឈើធំៗ ដែលត្រជាក់ គឺមិនចូលចិត្តនឹងកន្លែងដីស្ងួត ឬត្រូវពន្លឺក្តៅខ្លាំងនោះទេ។ 



ចំណែកលោក ខេម ជាមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ ពាក់ព័ន្ធទៅនឹងបន្លែក្រវ៉ាញនេះ គឺវាមិនរើសរកដីល្អប៉ុន្មាននោះទេ តែវាជាបន្លែដែលត្រូវការម្លប់ ច្រើន ពោលគឺគេមិនដាំនៅតាមទីវាល ត្រូវពន្លឺថ្ងៃ ដូចបន្លែផ្សេងៗទៀតឡើយ។ លោកបន្តទៀតថា បន្លែក្រវ៉ាញមានទីផ្សារទូលាយនៅឡើយ ខណ:អ្នកដាំនៅទូទាំងខេត្តប៉ៃលិន មានគ្នាតិចតួចប៉ុណ្ណោះ ពោលគឺមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្តប៉ៃលិនគ្រប់គ្រាន់នោះឡើយ។ លោកក៏សំណូមពរឱ្យប្រជាព លរដ្ឋរស់នៅតំបន់ជិតព្រំដែន បន្តនាំគ្នាដាំបន្លែក្រវ៉ាញព្រៃ ឱ្យកាន់តែច្រើនថែមទៀត ដើម្បីលក់ដូរនៅតាមហាងក្នុងខេត្តប៉ៃលិន និងលក់បន្តទៅតាមបណ្តាខេត្តនានា ក៏ដូចជារាជធានីភ្នំពេញផងដែរ៕