ខេត្តប៉ៃលិន ៖
រហូតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ គេសង្កេតឃើញប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ជាច្រើននាក់ បាននាំគ្នាស៊ីឈ្នួលកាប់ចិញ្ច្រាំមើមដំឡូងមី នៅក្នុងស្តង់ដំឡូងមីមួយកន្លែង ស្ថិតនៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីបានថវិកាយកទៅផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ សុខ រី និង ឈ្មោះ ឡោម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងដូចៗ គ្នាថា ៖ ពួកគាត់ខ្លះមកពីខេត្តពោធិ៍សាត់ មួយចំនួនទៀត មកពីខេត្តបាត់ដំបង ហើយក្រោយសម្រាកពីការមមាញឹកធ្វើស្រែចម្ការ ពួកគាត់បាននាំគ្នាធ្វើដំណើរឆ្ពោះមកខេត្តប៉ៃលិន ដើម្បីស៊ីឈ្នួលកាច់ពោត និងកាប់ចិញ្ច្រាំមើមដំឡូងមីឱ្យថៅកែ យកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ប្រភពបន្តទៀតថា ការចិញ្ច្រាំមើមដំឡូងមីនេះ ១កញ្ឆេ គេឱ្យតម្លៃ១០០០រៀល ដោយក្នុង១ថ្ងៃ អ្នកខ្លះអាចកាប់ចិញ្ច្រាំបានរហូតដល់៥០ ទៅ៦០កញ្ឆេ ពោលគឺក្នុង១ថ្ងៃ អាចរកប្រាក់ចំណូលបានចាប់ពី៥០០០០៛ ទៅ៦០០០០៛ សរុបទៅក្នុង១ខែអាចរកចំណូលបាន១លាន២សែន ទៅ១លាន៥សែនរៀល ដើម្បីយកទៅសងជំពាក់គេ និងទុកចិញ្ចឹមគ្រួសារខ្លះ។ ពួកគាត់ពិតជាមានការសប្បាយរីករាយក្នុងការកាប់ចិញ្រ្ចាំមើមដំឡូងមីតាមស្តង់ និងក្នុងចំការ ព្រោះជាការងារដែលមិនចំណាកស្រុកទៅឆ្ងាយ អាចឱ្យពួកគាត់រកបានចំណូលបានស្រួល ជាពិសេសគឺនៅក្បែរស្រុកកំណើតងាយស្រួលក្នុងការមើលថែកូនៗ ផងដែរ។
ចំណែកម្ចាស់ស្តង់ដំឡូងមីម្នាក់ ឈ្មោះ ប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងដែរថា មើមដំឡូងមីស្រស់១គីឡូក្រាម តម្លៃ២.២ទៅ២.៣បាទ (ប្រាក់ថៃ)។ រីឯចំណិតដំឡូងមីស្ងួត ឈ្មួញទិញ១គីឡូក្រាម តម្លៃ៥.៧ ទៅ៥.៨បាត (ប្រាក់ថៃ) ដែលជាតម្លៃអាចទទួលយកបាន បើសិនជាមិនចុះថ្លៃជាងនេះ គឺអាចឱ្យពួកគាត់លក់ចំណេញថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពួកគាត់ ក៏សំណូមពរឱ្យមន្រ្តីជំនាញនៃមន្ទីជុំវិញខេត្តជួយរកទីផ្សារជូនកសិកររស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជានៅទូទាំងប្រទេសផង ខណ:តម្លៃសម្ភារ:ដែលនាំចូលមកលក់ឱ្យកសិករដូចជា ជីកសិកម្ម និងថ្នាំកសិកម្ម មានការឡើងថ្លៃខ្ពស់ តែតម្លៃកសិផលហាក់ដូចជាស្ថិតនៅក្នុងតម្លៃថោកមិនមានតុល្យភាពនោះឡើយ៕