ខេត្តប៉ៃលិន ៖ 

រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ គណ:គ្រប់គ្រងសាលា លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ បាននាំគ្នារៀបចំធ្វើពិធីរាំចាប់តាំងពីខ្លោងទ្វារ រហូតដល់ក្នុងបរិវេណសាលា ដើម្បីអបអរសាទរ ចំពោះសិស្សពូកែនិទ្ទេសA ចំនួន០៣នាក់។ ពិធីនេះ ដឹកនាំធ្វើឡើងដោយលោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ លោក គឹម ឡេន នាយកវិទ្យាល័យ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើតាមការរៀបរាប់របស់លោក គឹម ឡេន នាយកវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ បានឱ្យដឹងថា ៖ ចាប់តាំងពីបើកឱ្យមានវិទ្យាល័យខាងលើ មិនធ្លាប់ឃើញសិស្សណាម្នាក់ ប្រឡងជាប់និទ្ទេសល្អនោះឡើយ។ តែរហូតមកដល់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ នេះ ស្រាប់តែសិស្សរបស់គាត់ប្រឡងជាប់និទ្ទេសល្អ រហូតដល់ទៅ៣នាក់ឯណោះ ដែលធ្វើឱ្យលោកគ្រូ អ្នកគ្រូ មានការសប្បាយរីករាយយ៉ាងខ្លាំង ទើបនាំគ្នាបង្កើតពិធីរាំឆៃយ៉ាំ អបអរសាទរ ដល់សិស្សឆ្នើមរបស់ខ្លួនតែម្តង។ 



លោកបន្តទៀតថា សិស្សដែលប្រឡងជាប់និទ្ទេស A ទាំង៣នាក់ ដែលរៀននៅវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានដូចតទៅ ៖ ទី១. ឈ្មោះ ធី គឹមសុង ភេទប្រុស រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទី២. ឈ្មោះ លុន ចន្ធូ ភេទស្រី រស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងទី៣. ឈ្មោះ អាំង ហេងលី ភេទប្រុស រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកបញ្ជាក់ទៀតថា មូលហេតុដែលនាំឱ្យសិស្សទាំង៣នាក់នេះ ក្លាយទៅជាសិស្សឆ្នើម ទទួលបានជ័យលាភីនិទ្ទេស A ដោយសារតែការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំសាលា ។ លើពីនេះ ការខិតខំយកចិត្តទុកដាក់សង្វាតព្យាយាមរៀនសូត្ររបស់ពួកគេផ្ទាល់ ដោយមានការជម្រុញពីអាណាព្យាបាល ព្រមទាំងមានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការយកចិត្តទុកដាក់តាមដានពីគណ:គ្រប់គ្រងសាលាថែមទៀត ទើបក្លាយទៅជាកក្តាលើកទឹកចិត្តដល់ពួកគេឱ្យទួលបាននូវនិទ្ទេសល្អបែបនេះ។ 



ចំណែកលោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ ក៏បានត្រេកអរជំនួសប្អូនយុវសិស្ស ដែលបានទទួលនូវជ័យលាភីនិទ្ទេស A ទាំង៣នាក់ ខណ:ពីមុនមានការខ្វះខាតគ្រូឯកទេស តែក្រោយពីមានលោកគ្រូអ្នកគ្រូល្អៗ គ្រប់ចំនួន បានបង្ហាត់បង្រៀនដល់ពួកគេឱ្យក្លាយទៅជាសិស្សពូកែបែបនេះ។ លោកបន្តទៀតថា ការសិក្សាពិតជាមានសារសំខាន់ សម្រាប់អនាគតរបស់ក្មួយៗ បើយើងរៀនចេះ ពិតប្រាកដទៅកន្លែងណា ក៏អាចរកការងារធ្វើបានដែរ។ ម្យ៉ាងវិញទៀត លោកក៏បានលើកទឹកចិត្តដល់ប្អូនៗ ជាសិស្សថ្នាក់ទី១២ ទើបនឹងឡើងមកថ្មី ឱ្យខិតខំព្យាយាម ដើម្បីទទួលបាននិទ្ទេសល្អ ដូចសិស្សច្បង ដែលជាកិត្តិយសសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ សម្រាប់សាលារៀន និងសម្រាប់ខេត្តប៉ៃលិនទាំងមូល ហើយលោកសង្ឃឹមជឿជាក់ថា នៅឆ្នាំក្រោយនឹងមានសិស្សនិទ្ទេសA បន្តបន្ទាប់ទៀត។ សូមបញ្ជាក់ថា ៖ បេក្ខជនប្រឡងទូទាំងខេត្តប៉ៃលិន សរុបចំនួន៤៩៥នាក់ស្រី២៧០នាក់ មណ្ឌលប្រឡងមានចំនួន០២មណ្ឌល  និងមាន២១បន្ទប់ ។ជាលទ្ធផលបេក្ខជនប្រឡងជាប់មានចំនួន ៣២៥នាក់ ស្មើនឹង៦៧,៧០% ក្នុងនោះមាននិទ្ទេសA ៦នាក់, និទ្ទេសB ៦នាក់, និទ្ទេសC ៣៥នាក់, និទ្ទេសD ១២០នាក់ និងនិទ្ទេស E ១០៥នាក់៕