ខេត្តប៉ៃលិន ៖
រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងក្រុមយុវជន ស.ស.យ.ក ខេត្ត ធ្វើការរៀបចំបោសសម្អាត កំទេចសម្រាម ស្លឹកឈើ និងតុបតែងកែលម្អនៅសងខាងផ្លូវឱ្យកា ន់តែស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងក្នុងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ នាឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆាប់ៗ ខាងមុខនេះ ឱ្យកាន់តែច្រើនកុះករ ដែលមានចម្ងាយពីទីរួមខេត្តប៉ៃលិន ជាង១០គីឡូម៉ែត្រប៉ុណ្ណោះ។
បើតាមការរៀបរាប់របស់លោក សៀ សុខម អនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ដោយមានការចង្អុលបង្ហាញពីលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងដឹកនាំផ្ទាល់ដោយឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ខាងលោកក៏បានចុះធ្វើការបោសសម្អាតសម្រាម ថង់ប្លាស្ទិក កញ្ចប់បាយចាស់ៗ ដែលភ្ញៀវដាក់គរទុកនៅក្បែររោងខ្យុស ព្រមទាំងជម្រះស្មៅព្រៃល្បោះតូចៗ នៅក្បែរកន្លែងលេងទឹក បោសធូលីដីចេញពីផ្លូវបេតុង ព្រមទាំងប្រ មូលស្លឹកឈើងាប់ៗ ដែលធ្លាក់រាយពាសពេញផ្លូវ និងកន្លែងលេងដុតចោលផងដែរ។ លោកបន្តទៀតថា ការបោសសម្អាតនេះ នឹងធ្វើជាបន្តបន្ទាប់ រហូតដល់ថ្ងៃចូលឆ្នាំចិន វៀតណាម ទើបសម្រាក ព្រោះក្រោយពីរដ្ឋ បាលខេត្តធ្វើផ្លូវបេតុងរួចមក សង្ឃឹមថា នឹងមានភ្ញៀវចូលមកលេងកាន់តែច្រើន។
ចំណែកឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានមានប្រសាសន៍ថា ៖ រដ្ឋបាលខេត្ត គ្រោងនឹងកែលម្អផ្លូវទៅលេងទឹកធ្លាក់ឱ្យកាន់តែស្រស់ស្អាត មានភាពទាក់ទាញ ជាពិសេស រដ្ឋបាលខេត្ត បានចាត់ឱ្យមន្រ្តីតាមន្ទីរនីមួយៗ ដាំដើមផ្កានៅសងខាងផ្លូវ ដាំដើមក្ងោករាប់រយដើម ហើយក៏បានជួលជាងមកពីខេត្តសៀមរាបឱ្យមកឆ្លាក់ធ្វើរូបពីស៊ីម៉ង់ សត្វកវែង សត្វសេះ សត្វដំរី ខ្លា ស្វា ជាច្រើនថែមទៀត ដើម្បីពញ្ញាក់អារម្មណ៍ភ្ញៀវដែលចូលលេងកម្សាន្តមានការប្លែកផងដែរ។ ឯកឧត្តមបន្តទៀតថា មិនត្រឹមតែប៉ុណ្ណឹង រដ្ឋបាលខេត្តប៉ៃលិន ក៏បានឱ្យគ្រឿងចក្រឈូសឆាយផ្នែកខាងលើ ដើម្បីធ្វើបន្ទប់ទឹកអនាម័យ ធ្វើន្លែងចតរថយន្ត និងម៉ូតូឱ្យបានសមរម្យ ព្រោះរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវនេះ ជាកន្លែងល្អជាងគេបំផុតនៅទូទាំងខេត្តប៉ៃលិន។ ម្យ៉ាងវិញទៀត រដ្ឋបាលខេត្ត ក៏នឹងរៀបចំធ្វើតូប សម្រាប់ឱ្យប្រជាពលរដ្ឋលក់ដូរនៅសងខាងផ្លូវ ដោយឥតគិតថ្លៃ ដើម្បីបានចំណូលបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយគ្រាន់តែឱ្យពួកគាត់សហការថែរក្សាអនាម័យកន្លែងលក់ដូរឱ្យបានល្អប៉ុណ្ណោះ។
ឯកឧត្តមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ នឹងមានការអភិវឌ្ឍទៅមុខបន្ថែមទៀត ជារៀងរាល់ថ្ងៃ រហូតដល់មានកន្លែងលេងសប្បាយគួរឱ្យទាក់ទាញកាន់តែច្រើន បង្កើតទេសភាពសួនច្បារ ចម្រុះពណ៌កាន់តែច្រើន ក្នុងគោលបំណងឱ្យចូលលេងកម្សាន្ត ព្រោះជាកន្លែងដ៏មានសក្តានុពលខ្លាំងជាងគេបំផុតនៅក្នុងខេត្ត៕