ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ គេសង្កេតឃើញ ជាងសិប្បកម្មម្នាក់ មានគំនិតច្នៃប្រឌិត បានកែច្នៃធ្វើផ្ទះលំហែជាច្រើនខ្នង មានលក្ខណ:តូចល្មម ងាយស្រួលក្នុងការលើកសែងផ្លាស់ប្តូរទីកន្លែង ដើម្បីដាក់តាំងលក់ឱ្យប្រជាពលរដ្ឋតាមភូមិ ដែលការធ្វើផ្ទះលំ ហែនេះ ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើតាមការរៀបរាប់ពីបុរស ឈ្មោះ សែន ប៊ុនលី រស់នៅក្នុងភូមិខាងលើ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ៖ សព្វថ្ងៃគាត់បើកសិប្បកម្មខ្នាតតូចមួយកន្លែងនៅលើដីរបស់ខ្លួនក្នុងភូមិខាងលើ តែដោយសារបញ្ហាជំងឺកូវីដ ១៩ វាយលុកចូលមកក្នុងប្រទេសកម្ពុជា មិនសូវបានធ្វើតុទូជាប់លាប់ប៉ុន្មាននោះទេ។ តែដោយសារសង្កេតឃើញ មានជាងសិប្បកម្មចំនួន៣នាក់ មានស្នាដៃល្អ ក៏ហៅឱ្យមកនាំគ្នាធ្វើផ្ទះលំហែជាលក្ខណ:គ្រួសារតូចៗ ដើម្បីលក់បានថវិកាចែកគ្នាចាយវាយ ដោយពួកគេគិតជាភាគរយ ពេលដែលលក់ផ្ទះដាច់១ខ្នងៗ។ 





លោកបន្តទៀតថា ផ្ទះលំហែនេះ មានទំហំ និងម៉ូដខុសៗគ្នាបន្តិច ដោយផ្ទះខ្លះមានប្រវែង៣ម៉ែត្រ គុណនឹង៤,៥ម៉ែត្រ និងខ្លះទៀតមានប្រវែង៣ម៉ែត្រ គុណនឹង៦ម៉ែត្រ (មានបន្ទប់ទឹកក្នុងផ្ទះ) ដែលមានតម្លៃចាប់ពី២៦០០ដុល្លារឡើងទៅ។ ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ ខាងលោកបានធ្វើផ្ទះលំហែរួចរាល់ ចំនួន៣ខ្នងមកហើយ តែមិនទាន់មានអ្នកកុម្មង់ទិញយកទៅប្រើប្រាស់នៅឡើយទេ។ លោកក៏មានការព្រួយបារម្ភចំពោះការធ្វើផ្ទះលំហែលក់នេះដែរ ព្រោះចាប់តាំងពីធ្វើរួចមកហាក់ដូចជាស្ងប់ស្ងាត់ តែបើការធ្វើផ្ទះអស់២ទៅ៣ខ្នង បែរជាអត់មានអ្នកទិញ ក៏ទុកជាអសារបង់ និងទុកសម្រាប់ដាក់តាំងនៅលើដីរបស់ខ្លួន ដោយលោកយកឈើប្រភេទដែលខ្មូតមិនស៊ី គឺឈើប្រពូលថ្ម ព្រះភ្នៅ និងស៊ីមីលី ជាដើម ដែលធានាថា មិនមានមេស៊ីបំផ្លាញឈើនេះទេ។ លោកក៏សំណូមពរដល់ប្រជាពលរដ្ឋ ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងមកកុម្មង់ ដោយចង់ធ្វើនៅលើដីរបស់ខ្លួនផ្ទាល់ កុម្មង់ម៉ូដ ឬប្លង់យ៉ាងណា ក៏ខាងលោកអាចធ្វើជូនបានដែរ៕