ខេត្តប៉ៃលិន ៖ 

មានករណីរថយន្តយីឌុប១គ្រឿង បានក្រឡាប់ខ្ជាក់មើមដំឡូងមីពេញផ្លូវ ខណ:ម្ចាស់បើកបរក្នុងល្បឿនលឿន លុះបួងចង្កូតខ្លាំងត្រង់កន្លែងរង្វង់មូល បណ្តាលឱ្យដាច់សណ្តោងផ្នែកខាងក្រោយក្រឡាប់ភ្លាមៗ ទទួលរងការខូចខាតតែម្តង។ តែសំណាងល្អ អ្នកបើកបរអត់មានទទួលរងរបួសនោះទេ។ហេតុការណ៍រថយន្តយីឌុបដឹកមើមដំឡូងមីពេញទ្រុងក្រឡាប់នៅកន្លែងរង្វង់មូលនេះ បានកើត ឡើងនៅវេលាម៉ោង ៣ និង៣០នាទីទាបភ្លឺ ត្រង់ចំណុចរង្វង់មូលព្រះគោ ក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។ 





ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ជើងគោកខេត្តប៉ៃលិន បានឱ្យដឹងថា ៖ អ្នកបើកបររថយន្ត មាន ឈ្មោះ ប៊ូ សៀងហៃ ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិស្ទោង ឃុំចំរើនផល ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ អត់មានរងរបួស ដោយបើកបររថយន្តម៉ាក ហ៊ីយិនដាយ ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខផ្នែកខាងមុខ ពោធិ៍សាត់ 3A- 1205 និងពាក់ស្លាកលេខផ្នែកខាងក្រោយ កំពង់ចាម 4A-0567 ទទួលរងការខូចខាតមធ្យម។ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកមើមដំឡូងមីខាងលើ បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ត្រង់ចំណុចរង្វង់មូលខាងលើ ស្រាប់តែម្ចាស់បួងចង្កូតបត់ទៅខាងឆ្វេង ក៏ដាច់គន្លឹះសណ្តោងផ្នែកខាងក្រោយ បណ្តាលឱ្យក្រឡាប់ចាក់មើមដំឡូងមីពេញផ្លូវ។ក្រោយពេលកើតហេតុ នគរបាល បានចុះទៅពិនិត្យ និងអនុវត្តការងារ ដើម្បីកុំឱ្យស្ទះចរាចរណ៍ រង់ចាំរថយន្តផ្សេងមកផ្ទេរមើមដំឡូងមីយកទៅលក់នៅស្តង់៕