ខេត្តប៉ៃលិន ៖
ក្រោយពីបុរសម្នាក់ បានយកកាំបិតខ្វែវកាប់ប្រហារទៅលើឪពុកក្មេករបស់ខ្លួន បណ្តាលឱ្យរងរបួសជើងស្តាំធ្ងន់ធ្ងរ កម្លាំងអធិការដ្ឋានស្រុកសាលាក្រៅ សហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ៃលិន បានតាមចាប់បានហើយ។ ហេតុការណ៍ចាប់ឃាត់ខ្លួនកូនប្រសារកាប់ប្រហារឪពុកក្មេកនេះ បានធ្វើឡើងនៅវេលាម៉ោង០៣ និង១៧នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ម៉ម ពិសី ភេទប្រុស អាយុ៣០ឆ្នាំ (ត្រូវជាកូនប្រសារ) ដែលបានធ្វើកម្មភាពយកកាំបិតខ្វែវកាប់ប្រហារទៅលើជនរងគ្រោះឈ្មោះ តូត ខ្លា ភេទប្រុស អាយុ៦២ឆ្នាំ (ត្រូវជាឪពុកក្មេក) បណ្តាលឱ្យរបួសធ្ងន់ត្រង់កំភួនជើងខាងស្តាំ កាលពីម៉ោង១២ និង១០នាទីរំលងអធ្រាត្រថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ ខណ:ឈ្លោះទាស់ទែងជាមួយប្រពន្ធ លុះឪពុកក្មេកចូលទៅហាមឃាត់ ក៏កាប់តែម្តង ស្ថិតនៅក្នុងភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យរត់គេចខ្លួន។ តែក្រោយមករូបគេចង់ចូលទៅសារភាពនូវកំហុស និងនឹកឃើញអាណិតប្រពន្ធកូន ក៏ប្រាប់ពីកន្លែងលាក់ខ្លួន ត្រូវនគរបាលចាប់ឃាត់ខ្លួនរួមជាមួយនឹងវត្ថុតាង គឺមានកាំបិត០១ដើម ហើយនគរបាលជំនាញកំពុងរៀបចំសំនុំរឿង ដើម្បីអនុវត្តតាមនីតិវិធី។ មន្រ្តីនគរបាលបញ្ជាក់ថា ៖ បុរសខាងលើ បានស្រឡាញ់គ្នាជាមួយនឹងស្រ្តីមេម៉ាយកូន៣នាក់ លុះសែនព្រេន រួមរស់នៅជាមួយគ្នាបានប្រហែល១ឆ្នាំ ក៏កើតទៅជាបញ្ហានេះតែម្តង។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន។ រីឯជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕