ខេត្តប៉ៃលិន ៖

យុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កខេត្តប៉ៃលិន ខណ:ជិះម៉ូតូនៅលើដងផ្លូវសុខៗ ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្ត បុកចំពេញទំហឹង បណ្តាលឱ្យដួលប្រាវរងរបួសតែម្តង។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានបើក ទ្វាររត់គេចខ្លួន នៅសល់តែអ្នករួមដំណើរស្រវឹងស្រាជោកជាំ ប្រើពាក្យសម្តីប្រមាថមើលងាយមន្រ្តីនគរបាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ខូចខាតម៉ូតូ០១គ្រឿងយ៉ាងដំណំ និងរថយន្តរងការខូចខាតធ្លាក់កាងផ្នែកខាងមុខ។ 





ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ៖ ភាគីបង្កមាន ឈ្មោះ រាក់ បានបើកទ្វាររថយន្តរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ដោយបើកបររថយន្តម៉ាក តូយ៉ូតា ហាយឡែនឌ័រ (Toyota Highlander) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-7194 មានអ្នករួមដំណើរទី១- ឈ្មោះ សាំង ពិសិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ទី២-ឈ្មោះ អោក សំអាត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិរកា ឃុំរកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ។ ប្រភ ពបន្តទៀតថា អ្នករួមដំណើរទាំងពីរខាងលើ មានជាតិស្រវឹងខ្លាំងជោកជាំ ហើយបានប្រើករិយាប្រមាថមើលងាយ មកលើសម្ថកិច្ច ខណ:ចុះទៅពិនិត្យកន្លែងកើតហេតុ។ ចំណែកភាគីរងគ្រោះមាន ឈ្មោះ រៀន រឿន ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ជិះម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-9921 រងរបួសធ្ងន់។ បច្ចុប្បន្ន៖ ជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន កំពុងសម្រាកព្យាបាល ករណីនេះការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកំពុងបន្តនីតិវិធី ៕